(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចធិបតី” (គ.ច.យ.ខ.ព) មានប្រសាសន៍ថា ព្រឹត្តិការណ៍យុទ្ធគុនចម្រុះខ្មែរបុរាណនេះ នឹងក្លាយជាការគាស់រំលេចនូវក្បាច់គុនខ្មែរបុរាណគ្រប់ទម្រង់ និងគ្រប់ទីកន្លែង សម្រាប់ផ្ដល់នូវក្ដីសង្ឃឹមថ្មីមួយទៀត ដល់កូនខ្មែរគ្រប់ជំនាន់ បានស្គាល់កាន់តែច្បាស់ពីប្រវត្តិសារបាននៃក្បាច់គុនបុព្វបុរសរបស់ខ្លួន។

ការគូសបញ្ជាក់នេះ បន្ទាប់ពីលោកទេសរដ្ឋមន្ដ្រី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និសីទសារព័ត៌មាន លើកទី២ និងវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ចៅក្រម ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចធិបតី” នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដោយមានការចូលរួមពីសិក្ខាកាមមកពីសហព័ន្ធពាក់ព័ន្ធទាំង ៤ រួមមានប្រដាល់គុនខ្មែរ គុនល្បុក្កតោ យុទ្ធក្រមខម និងយុទ្ធគុនចម្រុះ។

លោកបណ្ឌិត ថោង ខុន បានរំឮកថា ការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណនេះ នឹងរៀបចំរៀងរាល់ឆ្នាំ ក្រោយទទួលបានការឯកភាពជាគោលការណ៍ពីរាជរដ្ឋាភិបាល ខណៈការប្រកួតលើកទី១ នឹងប្រព្រឹត្តទៅ នាថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២៤ ខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតផ្លូវការ។

លោកបន្ដថា ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ព្រឹត្តិការណ៍នេះ រៀបចំឡើងក្រោមស្មារតី អភិរក្សដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍដើម្បីអភិរក្ស “មរតកយុទ្ធគុនខ្មែរបុរាណ”។ ទន្ទឹមនឹងនេះ ក៏ជាការគាស់រំលេចយកមកថែមទៀត នូវក្បាច់គុននៅដែលកប់សេសសល់ក្នុងសហគមន៍ សម្រាប់យកមកធ្វើការអភិរក្ស និងអភិវឌ្ឍន៍ ហើយក៏ទាមទារឲ្យមានការចុះសិក្សាស្រាវជ្រាវឲ្យដល់មូលដ្ឋាន និងសហគមន៍ ដើម្បីបានដឹងពីប្រវត្តិសាស្ដ្រ និងឯកសារផ្សេងៗ ពិសេសឯកសាររស់ (មនុស្សរស់)។

តាមរយៈនេះ ទើបរាជរដ្ឋាភិបាលសម្រេចបង្កើតនូវគណៈកម្មការចំពោះកិច្ច គ.ច.យ.ខ.ព ក៏ដូចជាការបង្កើតឲ្យមានគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរមួយទៀត ដើម្បីជំរុញការរៀបចំព្រឹត្តិការណ៍ប្រកួតផង ក៏ដូចជាការសិក្សាស្រាវជ្រាវ ចងក្រង និងផ្សព្វផ្សាយពីវប្បធម៌ក្បាច់គុនខ្មែរបុរាណផង។

លោកទេសរដ្ឋមន្ដ្រី ថោង ខុន មានប្រសាសន៍ថា «នេះគឺជាក្ដីសង្ឃឹមរបស់កូនខ្មែរគ្រប់រូប ទាំងជំនាន់នេះ និងគ្រប់ជំនាន់ទៅមុខទៀត ដើម្បីប្រាកដថា នេះគឺជាក្បាច់គុនខ្មែររបស់យើង ហើយកំពុងនៅទីណាខ្លះ? អញ្ជឹងហើយបានគណៈកម្មការរបស់យើង តាំងពីថ្ងៃដែល សម្ដេចមហាបវរធិបតី លោកផ្ដើមគំនិតតាំងពីខែមិថុនា ហើយបានបង្កើតគណៈកម្មការជាបន្ដបន្ទាប់ យើងបានធ្វើការងារជាច្រើន ពិសេសគណៈប្រតិបត្តិដែលបានកោះប្រជុំ គ្រប់ភាគីពាក់ព័ន្ធ ត្រៀមធ្វើការងារនេះឲ្យបានរលូន និងជោគជ័យ»

ទន្ទឹមជាមួយគ្នា លោក វ៉ាត់ ចំរើន អនុប្រធានអចិន្ដ្រៃយ៍ គ.ច.យ.ខ.ព បានបញ្ជាក់ពីវឌ្ឍនភាពការងារត្រៀមរៀបចំការប្រកួតយុទ្ធគុនខ្មែរបុរាណ “ពានរង្វាន់សម្ដេចធិបតី” បានប្រព្រឹត្តទៅយ៉ាងរលូន ដោយគ្រប់ភាគីពាក់ព័ន្ធ បានសស្រាក់សស្រាំក្នុងការសហការ និងអនុវត្តតួនាទីភារកិច្ចរៀងៗខ្លួន។ ចំពោះការបើកវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ចៅក្រម ទៀតសោត ក៏ជាផ្នែកមួយដ៏សំខាន់ ដើម្បីធានាបាននូវឯកភាពអាជ្ញាកណ្ដាល ចៅក្រម សម្រាប់កាត់សេចក្ដីក្នុងការប្រកួតព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ ប្រកបដោយតម្លាភាព និងយុត្តិធម៌។

គិតត្រឹមថ្ងៃទី២៣ ខែកញ្ញានេះ គណៈកម្មការរៀបចំ បានទទួលការចុះឈ្មោះពីកីឡាករ-កីឡាការិនីប្រមាណ ២៥៤នាក់ហើយ ខណៈ ២០% បានចុះឈ្មោះចូលរួមប្រកួតលើវិញ្ញាសាសម្ដែង។ លោកបណ្ឌិត ថោង ខុន បានចាត់ទុកការចូលរួមវិញ្ញាសាសម្ដែងនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការផ្ដល់ឱកាសឲ្យចាស់ព្រឹទ្ធាចារ្យតាមសហគមន៍បានចូលរួមសម្ដែង និងបង្ហាញនូវក្បាច់គុនផ្សេងៗ ដែលប្រជាពលរដ្ឋមិនសូវបានឃើញ ដូចជាខ្លាចក្រាប ស្រង៉ែពេន ឬគុនដំបងជាដើម៕