(ភ្នំពេញ)៖ សាលារៀនសហគមន៍២១ សាខាទី៩ ឬស្សីកែវ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ បានសម្ពោធជាផ្លូវការ ក្នុងទិសដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយជំរុញកសាងសមត្ថភាព និងអភិវឌ្ឍធនធានមនុស្សសំដៅរួមចំណែកបង្កើតកំណើនសេដ្ឋកិច្ចជាតិ។

លោកឧកញ៉ា ប៉ិច បូឡែន បានថ្លែងថា បើប្រៀបធៀបក្នុងតំបន់ ចំនួនប្រជាជនកម្ពុជារបស់យើងជាមួយប្រទេសជិតខាង យើងនៅមានចំនួនតិចនៅឡើយ មិនអាចប្រកួតប្រជែងកំលាំងបានទេ។ ចំណែកធនធានមនុស្សនៅប្រទេសកម្ពុជានៅមានកម្រិត ដូចនេះយើងត្រូវការកសាង និងអភិវឌ្ឍធនធានមនុស្សឱ្យមានចំណេះ ជំនាញ សមត្ថភាព សំដៅរួមចំណែកជួយបង្កើតកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការពង្រឹង ភាពប្រកួតប្រជែង និងការលើកកម្ពស់លទ្ធភាព ដើម្បីអភិវឌ្ឍប្រទេសជាតិ។

លោកឧកញ៉ាបានបន្ថែមទៀតថា «សាលារៀនរបស់យើងបានចូលរួមកសាងមូលគ្រឹះជាគោលលើការពង្រឹងអក្សរសាស្ត្រជាតិ និងវប្បធម៌ជាតិ ពោលគឺផ្តោតលើអំណាន ការគិតត្រិះរិពិចារណា វិភាគស៊ីជម្រៅ ទំនាក់ទំនង សីលធម៌ និងសុជីវធម៌»

ម្ចាស់គ្រឹះស្ថានអប់រំខាងលើបានបន្ថែមទៀតថា សាលារៀនសហគមន៍បានបញ្ចូលកម្មវិធីសិក្សាអមដែលនាំមកពីក្រៅប្រទេស ដោយផ្តោតទៅលើបំណិនជីវិត និងជំនាញសតវត្សរ៍ទី២១ដូចជា កម្មវិធីបណ្តុះបណ្តាលទម្លាប់ល្អទាំង៧សម្រាប់បុគ្គលឆ្នើម ដែលផ្តោតសំខាន់លើការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងចរិយាសម្បទា កម្មវិធីបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ សេដ្ឋកិច្ច និងសហគ្រិភាព ដែលជួយជំរុញឳ្យសិស្សានុសិស្សចេះប្រើប្រាស់ និងសន្សំលុយប្រកបដោយប្រសិទ្ធភាព ក៏ដូចជាធ្វើអាជីវកម្មជាដើម។ លើសពីនេះ កម្មវិធីសិក្សាអមក៏ផ្តោតសំខាន់លើការអភិវឌ្ឍបុគ្គលលក្ខណៈ ការប្រាស្រ័យទាក់ទង បំណិនជីវិត វប្បធម៌ចម្រុះ ដើម្បីប្រាកដប្រជាថាសិស្សអាចសម្របខ្លួនរស់នៅ ប្រកបអាជីវកម្ម និងបំពេញការងារក្នុងមជ្ឈដ្ឋានប្រទេសកម្ពុជានិងអន្តរជាតិ។

សាលារៀនសហគមន៍២១ ផ្តល់សេវាកម្មអប់រំលើកម្មវិធីអប់រំនិងថែទាំកុមារតូច (ចាប់ពីកុមារអាយុ១ឆ្នាំកន្លះឡើង) កម្មវិធីមត្តេយ្យភាសាខ្មែរ និងភាសាអង់គ្លេស កម្មវិធីចំណេះទូទៅភាសាខ្មែរចាប់ពីថ្នាក់ទី១ ដល់ទី៦ និងកម្មវិធីភាសាអង់គ្លេសក្រៅម៉ោង។ សាលារៀនស្ថិននៅអគារលេខ៥៩ ផ្លូវជាតិលេខ ៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ (Google Map: https://shorturl.at/ixF9T)។

លើសពីនេះ សាលារៀនបន្ថែម កម្មវិធីប្រកួតប្រជែងសមត្ថភាព ដំណើរទស្សនកិច្ចសិក្សាក្នុងនិងក្រៅប្រទេស ប្រព័ន្ធបច្ចេកវិទ្យាអប់រំ បំណិនជីវិត កម្មវិធីសិក្សាកុំព្យូទ័រ និងសេវាពិនិត្យសុខភាព ព្រមទាំងមានដៃគូសហការអប់រំក្នុងនិងក្រៅប្រទេសផងដែរ។

សូមជម្រាបថា សាលារៀនសហគមន៍២១គឺជាបុត្រសម្ព័ន្ធរបស់បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ហើយសាលារៀននេះបានបង្កើតឡើងក្នុងឆ្នាំ២០២២ ក្នុងទិសដៅចូលរួមចំណែកអភិវឌ្ឍការអប់រំ សេដ្ឋកិច្ចមូលដ្ឋាន និងភាពជាអ្នកដឹកនាំដល់កុមារ និងយុវជននៅតំបន់ជាយក្រុង និងបណ្តាលខេត្ត។ គិតមកត្រឹមឆ្នាំ២០២៤នេះ សាលារៀនសហគមន៍២១ មានសាខាចំនួន៩៖ សាខាក្រាំងធ្នង់ សាខាព្រែកអញ្ជាញ សាខាផ្សារគគីរ សាខាសន្ទុកខេត្តកំពង់ធំ សាខាបឹងធំ សាខាកំបូល សាខាពញាឮ សាខាតំបែរខេត្តត្បូងឃ្មុំ និងសាខាឬស្សីកែវ ៕