(ភ្នំពេញ)៖ លោកស្រី លី សុខឆេង នាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល និងសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង បានថ្លែងថា ចក្ខុវិស័យរបស់ក្រុមហ៊ុន ជីប ម៉ុង រីថែល (Chip Mong Retail) មិនត្រឹមតែផ្ដោតលើ ផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គា ម៉ល (Chip Mong 271 Mega Mall) ប៉ុណ្ណោះទេ តែក្រុមហ៊ុនមានមហិច្ឆតាក្នុងការពង្រីកវិស័យលក់រាយឱ្យកាន់តែធំ ដោយក្តោបយកទីផ្សារនៅគ្រប់តំបន់ទូទាំងប្រទេសកម្ពុជា។ បំណងក្តោបយកទីផ្សារ នៅគ្រប់តំបន់ទូទាំងប្រទេស ត្រូវបានលោកស្រីបង្ហាញថា ធ្វើឡើងដោយឈរលើគោលជំហរ ចំនួន២។
ថ្លែងក្នុងឱកាសផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គា ម៉ល គម្រប់ខួប២ឆ្នាំរបស់ខ្លួន នៅយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ លោកស្រី លី សុខឆេង បានឲ្យដឹងថា ក្រុមហ៊ុន ឈរលើគោលជំហរ ២គឺ រួមមាន៖
ទី១៖ បន្តអភិវឌ្ឍផ្សារទំនើបដែលមានស្រាប់អោយកាន់តែប្រសើរឡើង ដូចជា៖
* ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ដែលកំពុងតែផ្លាស់ប្តូរមុខមាត់ថ្មី ហើយនឹងក្លាយជាផ្សារទំនើបតែមួយគត់នៅក្នុងតំបន់បឹងកេងកងដែលមានស្ថាបត្យកម្មថ្មីប្លែក ពោរពេញដោយភាពច្នៃប្រឌិត និងម្ហូបអាហារល្បីៗ។
* ជីប ម៉ុង ថោវើ ដែលជាអាគារពហុពាណិជ្ជកម្ម រួមមាន សណ្ឋាគារ Fairfield by Marriott ដែលកំពុងដំណើរការ, អាគារការិយាល័យចំនួន ៩ ជាន់រួមមាន ការិយាល័យកណ្ដាលក្រុមហ៊ុន Prudential Cambodia និង Chip Mong Bank និងផ្សារទំនើប ៦ ជាន់នឹងបើកសម្ពោធនាដើមឆ្នាំក្រោយ។
ទី២៖ បន្តពង្រីកផ្សារទំនើបនៅតាមទីតាំងដែលមានសក្តានុពលថ្មីៗបន្ថែមទៀត
* ដោយសហការជាមួយ ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យអចលនទ្រព្យ ដើម្បីបង្កើតសហគមន៍សម្បូរបែប និង បង្កភាពងាយស្រួលដល់អតិថិជនរបស់យើង និង លើកស្ទួយបរិបទក្នុងការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាអោយកាន់តែមានភាពប្រសើរ និងទាន់សម័យ។
* ពួកយើងអាចធ្វើទៅបានដោយសារយើងមានក្រុមការងារដែលមានចំណេះជំនាញ និង បទពិសោធ ទាំងក្នុងក្រុមហ៊ុន Chip Mong Retail, Chip Mong Land, ក៏ដូចជាក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងៗទៀតរបស់ Chip Mong Group ដែលតែងតែផ្សារភ្ជាប់គ្នា ដើម្បីសម្រេចគោលបំណងរួមគឺ ឆ្លើយតបឲ្យទាន់តម្រូវការរបស់អតិថិជន និង ទំនោរថ្មីៗក្នុងវិស័យលក់រាយ។
បើតាមលោកស្រី លី សុខឆេង ស្របតាមគោលបំណងខាងលើ និង របត់ថ្មីនៃបច្ចេកវិទ្យាឌីជីថល 4.0 និង AI ក្រុមហ៊ុន បាននិងកំពុងបង្កើតកម្មវិធី Loyalty Program App ដែលជាកម្មវិធីសន្សំពិន្ទុក្នុងទូរសព្ទដៃ ដែលនឹងបើកដំណើរនាដើមឆ្នាំ២០២៥។ គោលបំណងក្នុងការបង្កើត Loyalty Program App នេះ គឺដើម្បីផ្តល់ភាពងាយស្រួលក្នុងការសន្សំពិន្ទុ ពីរាល់ការចំណាយរបស់អតិថិជនជាមួយហាងនានាក្នុងផ្សាររបស់យើង ដែលអតិថិជននឹងទទួលបានអត្ថប្រយោជន៍ត្រឡប់ទៅវិញប្រកបដោយតម្លាភាព។
ជាមួយនឹងមហិច្ឆតានេះ លោកស្រី បានស្នើដល់ពាណិជ្ជករខ្មែរ លក់ផលិតរបស់ខ្លួន នៅក្នុងផ្សារទំនើបរបស់លោកស្រី។ នេះក៏ព្រោះតែ លោកស្រីចង់ឲ្យពួកគាត់បានឱកាសរៀនសូត្រ ពីខាងម៉ាកយីហោល្បីៗ ទាំងរបៀបគេធ្វើទីផ្សារ រចនាហាង និងបម្រើអតិថិជនជាដើម។
លោកស្រី លី សុខឆេង បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមលើកទឹកចិត្តពាណិជ្ជករខ្មែរដូចគ្នា ឲ្យគាត់មកបើកលក់ផលិតផលនៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្កាម៉ល នៅពេលគាត់បើកនៅទីនេះ គាត់នឹងបានដឹងថាប្រេនដ៍ធំ (យីហោ) គេវាយយកទីផ្សាររបៀបម៉េច គេរចនាហាងយ៉ាងម៉េច គេបម្រើអតិថិជនយ៉ាងម៉េច នោះជាឱកាសរៀនសូត្រធំមែនទែន នៅពេលបាននៅជិតពួកគាត់»។
សូមជម្រាបថា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល គឺជាផ្សារទំនើបរបស់កូនខ្មែរ តែមួយគត់ដែលហ៊ានវិនិយោគក្នុងការបង្កើតកម្មវិធីប្រូម៉ូសិនធំៗ ជារៀងរាល់រដូវកាលដែលមានរង្វាន់ជាច្រើនសន្ធឹកដូចជា ដំណើរកម្សាន្តទៅក្រៅប្រទេស និងរថយន្តស៊េរីទំនើបទៀងផង ដែលមិនទាន់មានផ្សារទំនើប ណា ហ៊ានផ្តល់ជូនដូចនេះឡើយ។ ក្នុងរយៈពេល ២ឆ្នាំមកនេះផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល បានរៀបចំកម្មវិធីប្រូម៉ូសិនធំៗដូចជា Mega 1st Year Anniversary, Mega Celebration និង Mega អស្ចារ្យ ដែលបានធ្វើការប្រគល់រង្វាន់រថយន្តស៊េរីទំនើបរហូតដល់ ៤ គ្រឿងដល់អតិថិជនដែលតែងតែគាំទ្រក្នុងការដំណើរការផ្សារទំនើបកន្លងមក ហើយបន្តមកទៀតនោះ គឺប្រូម៉ូសិនដែលកំពុងចាប់ផ្តល់នាពេលនេះ ដើម្បីអបអរដល់គម្រប់ខួប ២ឆ្នាំផងដែរ៕