(ភ្នំពេញ)៖ អ្នកឧកញ៉ា ជាម ឃុនណាត អគ្គនាយកនៃ បុរី មេគង្គ លែន ព្រមទាំងគណៈគ្រប់គ្រងបុរី នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានរៀបចំកម្មវិធីចែកអំណោយដែលមានជាគ្រឿងឧបភោគនិងបរិភោគ រួមទាំងថវិកាមួយចំនួន ដែលសរុបជាទឹកប្រាក់មានចំនួនជាង ៣ម៉ឺនដុល្លារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ ជូនដល់សន្តិសុខ កម្មករ-កម្មការិនីទាំងអស់ ប្រមាណ ១,៥០០នាក់ ដែលបំរើការងារនៅ បុរី មេគង្គ លែន ដើម្បីឱ្យបងប្អូនកម្មករ -កម្មការិនីបានចូលរួមអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ និងជួបជុំគ្រួសារដោយក្តីសប្បាយរីករាយ។
កម្មវិធីចែកអំណោយនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងលើកទឹកចិត្តដល់គ្រប់កម្មករ-កម្មការិនី ដែលបានខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំឥតសំចៃកម្លាំងក្នុងរយៈពេលកន្លងមក ហើយក៏ជាឱកាសដ៏ល្អក្នុងការសំណេះសំណាលសួរសុខទុក្ខរវាងកម្មករ-កម្មការិនី និងលោកអគ្គនាយក ព្រមទាំងគណៈគ្រប់គ្រងបុរីផងដែរ។
ជារឿយៗ បុរី មេគង្គ លែន តែងយកចិត្តទុកដាក់ដល់បុគ្គលិក កម្មករ-កម្មការិនី គ្រប់ជាន់ថ្នាក់មិនប្រកាន់វណ្ណៈ ឋានៈ តួនាទី ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។ បន្ថែមពីលើនេះ លោកអគ្គនាយក ក៏បានផ្តាំផ្ញើបន្ថែមដល់បងប្អូន កម្មករ-កម្មការិនី ទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលធ្វើដំណើរទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្យខាងមុខនេះ ដោយគោរពច្បាប់ចរាចណ៍ និងបើកបរដោយមានការទទួលខុសត្រូវខ្ពស់ មានការអត់ឱនអធ្យាស្រ័យ និងរីករាយទទួលអំណរពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ។
បុរី មេគង្គ លែន ផ្តើមជីវិតរីករាយនិងជោគជ័យនៅទីនេះ!៕