(ភ្នំពេញ)៖ ក្នុងឱកាសប្រារព្ធខួប២៥ឆ្នាំរបស់ខ្លួន ក្រុមហ៊ុន អិន ស៊ី អិច ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទ ដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេ បានផ្តួចផ្តើមយុទ្ធនាការបរិច្ចាគនូវទឹកប្រាក់ មួកសុវត្ថិភាព និងម៉ាស៊ីនកសិឩស្សាហកម្មជាច្រើន ដល់អង្គការ ស្ថាប័ននានា ក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកដល់ការលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា។
កាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុន អិន ស៊ី អិច បានរៀបចំនូវកម្មវិធីអបអរសាទរគម្រប់ខួបទី២៥ឆ្នាំដែលរៀបចំឡើងនៅការិយាល័យកណ្តាលរបស់ខ្លួនដោយមានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗរបស់ក្រុមហ៊ុនដូចជា៖
ក្រុមហ៊ុន អ៊ិន ស៊ី អិច ខូអិលធីឌី (N. C. X. Co., Ltd.) ក្រុមហ៊ុនហុងដាម៉ូទ័រ ខូអិលធីឌី(Honda Motor Co., Ltd.) ក្រុមហ៊ុនអាស៊ាន ហុងដាម៉ូទ័រ ខូអិលធីឌី (Asian Honda Motor Co., Ltd.)។
ក្នុងឱកាសប្រារព្ធពិធីនេះក្រុមហ៊ុន អ៊ិន ស៊ី អិច ក៏បានផ្តួចផ្តើមជាយុទ្ធនាការការបរិច្ចាគទៅដល់អង្គការ ស្ថាប័នជាច្រើន រួមមាន៖
១. ម៉ាស៊ីនកសិឩស្សាហកម្មហុងដាគុណភាពខ្ពស់ដូចជា ម៉ាស៊ីនបូមទឹកម៉ាក និង ម៉ាស៊ីនកាត់ស្មៅ សរុបចំនួន២៥០គ្រឿង ក្រោមគោលគំនិត «យើងទាំងអស់គ្នាដើម្បីការរីកលូតលាស់ប្រកបដោយនិរន្តរភាព (Together for Sustainable Growth)»។
២. មួកសុវត្ថិភាពចំនួន ២,៥០០មួក ក្រោមគោលគំនិត យើងទាំងអស់គ្នាដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរ (Together for Better Road Safety) ក្នុងនោះ ១, ៥០០មួកត្រូវបានប្រគល់ជូនគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និង ១,០០០ មួកត្រូវបានប្រគល់ជូនមូលនិធិបង្ការរបួសអាស៊ី។
៣. យុទ្ធនាការបរិច្ចាគឈាមដោយការស្ម័គ្រចិត្តពីបុគ្គលិកក្រុមហ៊ុន អិន ស៊ី អិច គ្រប់ជាន់ថ្នាក់ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែកញ្ញា ខាងមុខនេះ នៅការិយាកណ្តាលរបស់ក្រុមហ៊ុន អិន ស៊ី អិច ក្រោមគោលគំនិត «យើងទាំងអស់គ្នា បរិច្ចាគឈាមសង្គ្រោះជីវិត (Together, We share the Gift of Life)»។
៤. យុទ្ធនាការកៀរគរថវិការបរិច្ចាគ ២៥,០០០រៀល ក្នុងមួយគ្រឿង តាមរយៈការលក់ម៉ូតូហុងដា គ្រប់សាខាតំណាងចែកចាយរបស់ក្រុមហ៊ុន អ៊ិន ស៊ី អិច ២៥ ខេត្តក្រុង ទូទាំងរាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេល២៥ថ្ងៃ ដើម្បីផ្តល់ថវិកាដល់ការព្យាបាលកុមារកម្ពុជា ក្រោមគោលគំនិត «យើងទាំងអស់គ្នាដើម្បីកុមារកម្ពុជា (Together, 25,000 Riel/Unite for Cambodian Children)»។
លោក បេនកៀ ស្រ៊ីថានាកន ប្រធានក្រុមហ៊ុន អិនស៊ីអិច បានថ្លែងអំណរគុណយ៉ាងខ្លាំងដល់ប្រជាជនកម្ពុជាដែលតែងតែផ្តល់ទំនុកចិត្តមកលើក្រុមហ៊ុន ហើយបានបន្តដំណើរជាមួយខ្លួនអស់រយៈពេល២៥ឆ្នាំមកនេះ។ ចក្ខុវិស័យរបស់ក្រុមហ៊ុន អិន ស៊ី អិច គឺដើម្បីនៅតែជាក្រុមហ៊ុនដែលផ្តល់មធ្យេបាយធ្វើដំណើរឈានមុខគេបង្អស់ និងក្លាយជាអាជីវកម្មដែលប្រជាជនកម្ពុជាពិតជាចង់បាន។
លោកបន្តទៀតថា«ក្រុមហ៊ុន អិន ស៊ី អិច មិនត្រឹមតែអបអរសាទរនូវសមទ្ធផលកន្លងមកប៉ុណ្ណោះទេ យើងបាននឹងកំពុងវិនិយោគបន្ថែមសម្រាប់ប្រទេសកម្ពុជាឆ្ពោះទៅមុខ»។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀត ដើម្បីជាការអរអបសាទរគម្រប់ខួប២៥ឆ្នាំនេះ ក្រុមហ៊ុន អិន ស៊ី អិច ក៏បាន បើកសម្ពោធនូវម៉តូហុងដាឌ្រីមរចនាពិសេសដែលមានចំនួនត្រឹមតែ ៨៨ គ្រឿងប៉ុណ្ណោះ ដោយមានការរំលេចទៅដោយការបង្ហាញពីប្រាសាទអង្គរវត្តនៅលើម៉ូតូឆ្លុះបញ្ចាំងពីមោទកភាពរបស់ប្រទេសកម្ពុជា រួមជាមួយនិងការរចនាលេខ ២៥ តំណាងឱ្យរយៈពេល២៥ ឆ្នាំដែលក្រុមហ៊ុន អិន ស៊ី អិច បានរួមដំណើរលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា។
ដូចនេះ ដើម្បីជាការអរគុណដល់ប្រជាជនកម្ពុជា ក្រុមហ៊ុនក៏នឹងរៀបចំកម្មវិធីចែករង្វាន់ម៉ូតូហុងដាឌ្រីម រចនាពិសេសចំនួន២៥គ្រឿងដល់អតិថិជន ដែលបានទិញម៉ូតូហុងដាឌ្រីមស៊េរីថ្មីនៅគ្រប់តំណាងចែកចាយរបស់ក្រុមហ៊ុន អិន ស៊ី អិច ចាប់ពី២៥ ខែកញ្ញា ២០២៤ ដល់ ថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៥។
សូមបញ្ជាក់ដែរថា ម៉ូតូហុងឌ្រីមរចនាពិសេសនេះមិនមានដាក់លក់នៅលើទីផ្សារនោះទេ។ សម្រាប់ព័ត៌មានបន្ថែម សូមរង់ចាំតាមដានតាមរយៈគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន អិន ស៊ី អិច គឺ Honda Cambodia NCX និង តាមបណ្តាហាងចែកចាយរបស់ក្រុមហ៊ុន អិន ស៊ី អិច ទូទាំងប្រទេស៕