(សៀមរាប)៖ លោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប សូមថ្លែងអំណរគុណ និងអរគុណ ចំពោះ ក្រុមហ៊ុន AIR ASIA ដែលតែងតែខិតខំធ្វើទំនាក់ទំនង ផ្សារភ្ជាប់ជើងហោះហើរថ្មី ជាមួយសៀមរាប-សិង្ហបុរី និងលើកស្ទួយដល់វិស័យទេសចរណ៍របស់កម្ពុជា និងពិសេសខេត្តសៀមរាប តាមរយៈ ការពង្រីកបន្ថែមជើងហោះហើរថ្មី ដែលនឹងហោះហើរចេញពីសៀមរាប ឆ្ពោះទៅកាន់សិង្ហបុរី ចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
ថ្លែងប្រាប់ ភ្នាក់ងារបណ្ដាញទំនាក់ទំនងសង្គម Fresh News ប្រចាំខេត្តសៀមរាប តាមរយៈ លោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានថ្លែងអំណរគុណ និងអរគុណ ចំពោះ ក្រុមហ៊ុន AIR ASIA Cambodia ដែលតែងតែខិតខំធ្វើទំនាក់ទំនង ផ្សារភ្ជាប់ជាមួយសៀមរាប-សិង្ហបុរី ជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកស្ទួយដល់វិស័យទេសចរណ៍របស់កម្ពុជា ពិសេសខេត្តសៀមរាប តាមរយៈ ការពង្រីកបន្ថែមជើងហោះហើរថ្មី ដែលនឹងហោះហើរចេញពីសៀមរាប ឆ្ពោះទៅកាន់សិង្ហបុរី នឹងចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
ហើយសម្រាប់ការលក់សំបុត្រយន្តហោះនឹងត្រូវបានដាក់លក់នៅថ្ងៃនេះ សម្រាប់ជើងហោះហើរទៅមក រវាងសៀមរាប-សិង្ហបុរី ហើយចាប់ផ្តើមហោះហើរពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងតម្លៃសរុបចាប់ពី USD ១០៩ ក្នុងមួយជើង។ គឺមានចំនួនជើងហោះហើរប្រចាំថ្ងៃ ហើយសម្រាប់គោលដៅហោះហើរ ជើងហោះហើរ ម៉ោងចេញដំណើរ ន៨ងម៉ោងទៅដល់ ដួចមានភ្ជាប់មកជាមួយស្រាប់។
លោកបន្ថែមថា «យើងប្តេជ្ញាចូលរួមគាំទ្រដល់គោលដៅអភិវឌ្ឍទេសចរណ៍ និងសេដ្ឋកិច្ចរបស់កម្ពុជា ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបង្កើនជើងហោះហើរត្រង់បន្ថែមទៀត ពីគោលដៅទេសចរណ៍ធំៗនៅលើពិភពលោកមក កាន់ប្រទេសកម្ពុជា។ ជើងហោះហើរថ្មីទាំងនេះ នឹងបានរួមចំណែកជួយជំរុញកំណើនទេសចរណ៍ និងសេដ្ឋកិច្ចរបស់ប្រទេសយើង»។
លោក ប្រាក់ សោភ័ណ បានមានប្រសាសន៍ថា «សេចក្តីប្រកាសរបស់ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia គឺមានសារៈសំខាន់ណាស់ ស្របពេលដែលខេត្តសៀមរាបរបស់យើងកំពុងខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ក្នុង ការបង្កើនចំនួនភ្ញៀវទេសចរបរទេស ឱ្យត្រឡប់មកវិញ បន្ទាប់ពីជំងឺរាតត្បាតបានកើតឡើង។ សូមគូសបញ្ជាក់ផងដែរថា ប្រទេសកម្ពុជា គឺជាទឹកដីប្រកបដោយតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងទីតាំងធម្មជាតិជាច្រើន ហើយយើងនឹងសហការជាមួយ ក្រុមហ៊ុនអាកាសចរណ៍ AirAsia ក្នុងការនាំយកអ្នកដំណើរមកពីជុំវិញពិភពលោក ឱ្យមកទស្សនាប្រទេសដ៏អស្ចារ្យរបស់យើងអោយកាន់តែច្រើនកុះករ ។ សូមអរគុណ បណ្តាញសម្ព័ន្ធក្រុមហ៊ុនអាកាសចរណ៍ AirAsia ចំពោះការសហការនេះ»៕