(បរទេស)៖ ប្រទេសវៀតណាម បានក្លាយជាទីផ្សារបច្ចេកវិទ្យាដ៏លេចធ្លោរបំផុត និងកំពុងទាក់ទាញវិនិយោគិនបរទេសទៅវិនិយោគនៅទីនោះ។ យ៉ាងណាមិញនៅថ្ងៃអាទិត្យកន្លងទៅ រដ្ឋាភិបាលវៀតណាមបាននិយាយថា ក្រុមហ៊ុនអេឡិចត្រូនិកខ្នាតយក្សរបស់កូរ៉េខាងត្បូង Samsung Display Co គ្រោងនឹងបោះទុនប្រមាណ ១.៨ពាន់លានដុល្លារបន្ថែមទៀតសម្រាប់សាងសង់រោងចក្រមួយនៅឆ្នាំនេះនៅក្នុងប្រទេសរបស់ខ្លួន ដែលគិតមកទល់ពេលការវិនិយោគសរុបរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងបានកើនឡើងដល់ជាង ២២ពាន់លានដុល្លារឯណោះ។ នេះយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។
រដ្ឋាភិបាលវៀតណាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «រោងចក្រថ្មីនេះ នឹងត្រូវបានសាងសង់ឡើងសម្រាប់ផលិតអេក្រង់ OLED សម្រាប់រថយន្ត និងឧបករណ៍អេឡិចត្រូនិចផ្សេងទៀត»។ រោងចក្រថ្មីនេះ នឹងមានទីតាំងនៅសួនឧស្សាហកម្ម Yen Phong ក្នុងខេត្ត Bac Ninh ភាគខាងកើតទីក្រុងហាណូយ និងនៅជិតរោងចក្រអេឡិចត្រូនិកដែលមានស្រាប់របស់ Samsung។ សេចក្តីប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីជំនួបរវាងនាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងលោក Choi Joo Ho អគ្គនាយកក្រុមហ៊ុន Samsung វៀតណាម ដោយបានគូសបញ្ជាក់ពីការគាំទ្ររបស់រដ្ឋាភិបាលសម្រាប់ការវិនិយោគបរទេស និងការអភិវឌ្ឍន៍បច្ចេកវិទ្យានៅក្នុងតំបន់។
ទន្ទឹមនឹងនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក៏បានរាយការណ៍ផងដែរថា អាជ្ញាធរខេត្ត Bac Ninh និង Samsung Display កាលពីថ្ងៃអាទិត្យក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាអំពីគម្រោងនេះ ដោយបន្ថែមការវិនិយោគ នឹងបង្កើនការវិនិយោគសរុបរបស់ក្រុមហ៊ុន Samsung នៅក្នុងក្រុងនៃខេត្ត Bac Ninh រហូតដល់ ៨.៣ពាន់លានដុល្លារ ពោលគឺកើនឡើងពីការវិនិយោគចំនួន ៦.៥ ពាន់លានដុល្លារនាពេលបច្ចុប្បន្ន។
គួរជម្រាបថា Samsung បានសាងសង់រោងចក្រនៅប្រទសវៀតណាមជាច្រើនទីតាំងរួចមកហើយរួមមាន រោងចក្រផលិតចំនួនប្រាំមួយ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ចំនួនមួយ និងអង្គភាពសម្រាប់ដាក់តាំង និងលក់ផលិតផលចំនួនមួយ ជាមួយនឹងការវិនិយោគសរុបចំនួន ២២.៤ពាន់លានដុល្លារនៅទូទាំងប្រទេសវៀតណាម នេះបើតាមការលើកឡើងរបស់លោក Choi Joo Ho៕