(ភ្នំពេញ)៖ ក្រុមជម្រើសជាតិអាយុក្រោម ២០ឆ្នាំកម្ពុជា ធ្វើមិនបានល្អឡើយ សម្រាប់ការប្រកួតទី២ នៃវគ្គជម្រុះពានរង្វាន់យុវជន U20 ប្រចាំទ្វីបអាស៊ី ឆ្នាំ២០២៥ (AFC U20 Asian Cup 2025) ក្រោយចាញ់ក្រុមខ្លាំង U20 អ៊ូសបេគីស្ថាន ៧-០ នៅរសៀលថ្ងៃច័ន្ទនេះ នៅកីឡដ្ឋាន Fu Jen Catholic University នៃទឹកដីឆាយនីសតៃប៉ិ ។
សម្រាប់ការប្រកួតទី២ ក្នុងវគ្គជម្រុះពូលB នៃពានរង្វាន់យុវជនកម្រិតទ្វីបនេះ វគ្គទី១ ក្រុមគោព្រៃជំទង់កម្ពុជា បានរបូត ៣គ្រាប់ មុនក្រុមជម្រើសជាតិ U20 អ៊ូសបេគីស្ថាន បន្ថែម ៤គ្រាប់ទៀត នៅវគ្គទី២ ដើម្បីធានាជ័យជម្នះក្នុងការប្រកួតដំបូងរបស់ខ្លួន ។ បច្ចុប្បន្នអ៊ូសបេគីស្ថាន មាន ៣ពិន្ទុក្នុងដៃ ស្មើកម្ពុជា និងបារ៉ែន ។
បន្ទាប់ពីឆ្លងកាត់ ២ប្រកួតឈ្នះ ១ និងចាញ់ ១ ក្រុមជម្រើសជាតិ U20 កម្ពុជា នឹងត្រូវជួបក្រុម U20 បារ៉ែន នាថ្ងៃទី២៧ ខែកញ្ញា និងចុងក្រោយត្រូវជួបក្រុមម្ចាស់ផ្ទះឆាយនីសតៃប៉ិ នាថ្ងៃទី២៩ ខែកញ្ញា ដើម្បីកំណត់ជោគវាសនាក្រុមឡើងទៅវគ្គបន្ដ ៕