(ភ្នំពេញ)៖ កុមារ និងយុវជនកម្ពុជា បានចាប់អារម្មណ៍ និងចូលរួមហ្វឹកហាត់កីឡាជិះសេះ មានការកើនឡើងគួរឲ្យកត់សម្គាល់ ខណៈអ្នកជំនាញបានចាត់ទុកនេះ គឺជាសញ្ញាណវិជ្ជមាន ឈានទៅបណ្ដុះបាននូវធនធានកីឡាករ-កីឡាការិនីមានសមត្ថភាព សម្រាប់ចូលរួមការប្រកួតនានា ក៏ដូចជារួមចំណែកអភិវឌ្ឍន៍វិស័យកីឡានេះ ជាមួយសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ ដើម្បីត្រៀមការប្រកួតអន្ដរជាតិផងដែរ។
នេះបើតាមការលើកឡើងរបស់លោក RG Chinte អ្នកគ្រប់គ្រងទូទៅមជ្ឈមណ្ឌលជិះសេះ ជីននីស រីសត ស្របពេលមជ្ឈមណ្ឌលនេះ បានរៀបចំប្រកួត Genius Resort Show Jumping Competition លើកទី៤ ឆ្នាំ២០២៤ កាលពីចុងសប្ដាហ៍កន្លងទៅ ជាមួយកីឡាករ-កីឡាការិនី ចាប់ពីអាយុ ៣ឆ្នាំឡើង និងអាយុ ៨ឆ្នាំឡើង រហូតដល់ពេញវ័យប្រមាណ ១០០នាក់ចូលរួម ខណៈមានអត្ដពលិកវ័យក្មេងកម្ពុជាប្រមាណ ៥០%។
ការប្រកួតនេះ រៀបចំឡើងក្រោមកិច្ចសហការពីសហព័ន្ធ និងដៃគូអភិវឌ្ឍជាច្រើន ក្នុងគោលបំណងផ្ដល់ឱកាសឲ្យក្មេងៗ ចេះស្រលាញ់ និងអភិវឌ្ឍន៍សមត្ថភាពពួកគេ តាមរយៈការហ្វឹកហាត់ និងប្រកួត ដើម្បីចូលរួមការប្រកួតផ្សេងៗ នាថ្ងៃអនាគត។ អ្វីដែលគួរឲ្យកត់សម្គាល់ ផ្ទុយពីការចាប់ផ្ដើមដំបូង ដែលអ្នកចូលរួមភាគច្រើនជាជនបរទេស តែរយៈពេល ២-៣ខែចុងក្រោយ លោកសង្កេត់ឃើញមានកុមារ និងយុវជនកម្ពុជាចូលរួមកាន់តែច្រើន។
អ្នកជំនាញខាងលើ បានសម្ដែងក្ដីរីករាយ ក្រោយអាណាព្យាបាលបានយល់ច្រើនពីអត្ថប្រយោជន៍ នៃការលេងកីឡា ពិសេសកីឡាជិះ ដែលត្រឹមផ្ដល់បទពិសោធន៍ថ្មីៗ ក្នុងការបណ្ដុះកុមារ និងយុវជនឲ្យសេះស្រលាញ់ និងថែរក្សាសេះនោះទេ តែក៏អាចកសាងសមត្ថភាពួកគេឈានទៅចូលរួមការប្រកួតបាន។ ម្យ៉ាងក៏អាចកាត់បន្ថយនូវការលេងទូរស័ព្ទ ឬសកម្មភាពមួយចំនួន ដែលមិនផ្ដល់ផលចំណេញដល់ការអភិវឌ្ឍក្មេងៗជាដើម។
លោកបន្ដថា «យើងកំពុងធ្វើការយ៉ាងជិតស្និតជាមួយសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ ហើយយើងក៏មានគោលបំណងបណ្ដុះបណ្ដាលក្មេងៗឲ្យមានសមត្ថភាព អាចចូលរួមការប្រកួតផ្សេងៗដូចគ្នា។ ជាក់ស្ដែងយើងមានគ្រូ ដែលមានបទពិសោធន៍ពី ១០ ទៅ ១៥ឆ្នាំនៅទីនេះ ហើយក៏មានការគាំទ្របច្ចេកទេសពីសហព័ន្ធទៅលើកីឡាកររបស់យើង និងជំរុញពួកគាត់ឲ្យមានលក្ខណៈសម្បត្តិកាន់តែល្អប្រសើរ សម្រាប់ចូលរួមកម្មវិធីប្រកួតផ្សេងៗផងដែរ»។
តាមរយៈកម្មវិធីប្រកួតដោយមានការចូលរួមពីកុមារ និងយុវជនចម្រុះជាតិសាសន៍ខាងលើនេះដែរ លោកក៏សង្ឃឹមថា នឹងក្លាយជាផ្នែកមួយ ស្របតាមចក្ខុវិស័យរបស់សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ ដើម្បីត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០២៩ ។ លោក RG Chinte បន្ថែម៕