(ឡុងដ៍)៖ ក្រុមហ៊ុន Friedkin Group បានឈានដល់កិច្ចព្រមព្រៀង ក្នុងការទិញយកក្លិបស្ករគ្រាប់ Everton មកគ្រប់គ្រង ដែលមានតម្លៃសរុបប្រមាណ ៤០០លានផោន ស្មើនឹង ៥៣៣លានដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
នេះមានន័យថា ក្រុមហ៊ុនដែលមានទីតាំងស្ថិតនៅសហរដ្ឋអាមេរិកមួយនេះ នឹងចុះកិច្ចសន្យាទិញយកភាគហ៊ុនចំនួន ៩៤% ពីម្ចាស់ភាគហ៊ុនធំ Farhad Moshiri ក្នុងក្លិប Everton ស្របពេលពួកគេបានកំពុងស្ថិតនៅបាតតារាងលីគ Premier League នាពេលបច្ចុប្បន្ននេះ ក្រោយឆ្លងកាត់បាន ៥ប្រកួត។
ការចុះកិច្ចសន្យាទិញក្លិបនេះដែរ ក៏ត្រូវមានការឯកភាពពី Premier League, សហព័ន្ធបាល់ទាត់អង់គ្លេស FA រួមទាំងពីស្ថាប័នអាជ្ញាធរហិរញ្ញវត្ថុអង់គ្លេសទៀតផង ដ្បិតលោក Dan Friedkin ប្រធានក្រុមហ៊ុន Friedkin Group ក៏កំពុងកាប់កាប់ក្លិប AS Roma ដែលលេងក្នុងលីគ Serie A នៅប្រទេសអ៊ីតាលីផងដែរ។
គួរបញ្គាក់ផងថា Everton ជាក្លិបធំមួយប្រចាំទីក្រុង Liverpool ដែលពុំធ្លាប់មានប្រវត្តិជ្រុះចេញពី Premier League ឡើយ ដ្បិតពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១៦ ១៧ និងទី១៥ ក្នុងរយៈពេល ៣រដូវកាលចុងក្រោយនេះក៏ដោយ៕