(បរទេស)៖ លោក Frank Warren អ្នកផ្សព្វផ្សាយរបស់កីឡាករ Daniel Dubois ចង់ឱ្យម្ចាស់ខ្សែក្រវាត់ IBF រូបនេះ ជួបជើងខ្លាំង Oleksandr Usyk វិញម្តង ក្នុងការប្រកួតបន្ទាប់របស់គេ។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃនេះ។
គួររំលឹកផងថា កីឡាករវ័យ ២៧ឆ្នាំ Dubois ទើបតែឡើងការពារខ្សែក្រវាត់ទម្ងន់ធ្ងន់ IBF បានសម្រេចលើកទី១ តាមរយៈផ្តួលកីឡាករសញ្ជាតិអង់គ្លេសដូចគ្នា Anthony Joshua ឱ្យបោះបង់ការប្រកួតត្រឹមទឹកទី៥ កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន ដែលមានរយៈពេលជាង ១ឆ្នាំមកហើយផងដែរ គិតចាប់តាំងពី Dubois បានចាញ់ Usyk ក្នុងទឹកទី៩ កាលពីខែសីហា ឆ្នាំ២០២៣ មក។
លោក Warren បានថ្លែងប្រាប់ BBC 5 Live ថា «ការប្រកួតបន្ទាប់ ខ្ញុំចង់ឃើញ Duboil ប៉ះ Usyk ម្តងទៀត។ គាត់ឥឡូវ មិនដូចជា Daniel Dubois ពីមុនមកទេ ទាំងកាយសម្បទា និងស្មារតី។ គាត់ឥឡូវខ្លាំងណាស់ ដែលអាចប្រឈមមុខទល់នឹង Usyk បាន»។
សូមបញ្ជាក់ថា Aleksandr Usyk បានកំពុងកាន់កាប់ខ្សែក្រវាត់ WBO, WBA និងខ្សែក្រវាត់ពិភពលោក WBC ក្នុងដៃនាពេលបច្ចុប្បន្ននេះ គ្រាដែល Daniel Duboil ទើបតែមានឱកាសក្លាយជាជើងឯកខ្សែក្រវាត់ IBF ក្នុងប្រភេទទម្ងន់ធ្ងន់មួយនេះ ក្នុងរយៈពេល ២៥ឆ្នាំ៕