(ភ្នំពេញ)៖ ដើម្បីបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីការតាំងចិត្តដ៏មុតស្រួចប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ក្នុងការឈរជើងរឹងមាំតជំនាន់ នៅក្នុងពិភពធុរកិច្ច ក្រុមហ៊ុនយក្ស ជីប ម៉ុង ដែលជាក្រុមហ៊ុនមេរបស់ ខ្មែរ ប៊ែវើរីជីស និងមានពាណិជ្ជកម្មជាច្រើនក្នុងវិស័យធំៗនៅកម្ពុជា បានបង្កើតកំណត់ត្រាថ្មីមួយរបស់ខ្លួន ដោយបានចំណាយប្រាក់រាប់លានដុល្លាររៀបចំ «វេទិកាពាណិជ្ជកម្ម ជីប ម៉ុង» ដើម្បីជួបជុំដៃគូអាជីវកម្ម ប្រមាណ ៣០០០ ទៅ៤០០០នាក់ ជាមួយនឹងការធ្វើបដិសណ្ឋារកិច្ច យ៉ាងយកចិត្តទុកដាក់បំផុត។
តួយ៉ាងដៃគូអាជីវកម្ម មកពីបណ្ដាខេត្តក្រុងនានានៅទូទាំងប្រទេស ដែលបានអញ្ជើញចូលរួមកម្មវិធីនេះ សុទ្ធតែទទួលបានការស្នាក់នៅសណ្ឋាគារប្រណីតលំដាប់ផ្កាយ៥ Hyatt Regency Phnom Penh, សណ្ឋាគារស្តង់ដាអាមេរិក ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញជាដើម, ការទទួលទានអាហារដ៏ឆ្ងាញ់ពិសារ ពិសេសមានឱកាសឈ្នះរង្វាន់ផ្ទះអាជីវកម្ម ជីប ម៉ុង លែន ឡានសេរីទំនើប ម៉ូតូ និងទូរសព្ទស្មាតហ្វូនរាប់រយរង្វាន់ផងដែរ។
អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង បានថ្លែងថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមានក្រុមហ៊ុនមេ ជីប ម៉ុង គឺជាក្រុមហ៊ុនខ្មែរទី១ ដែលបានរៀបចំកម្មវីធីជួបជុំដៃគូម្ចាស់អាជីវកម្មដ៏ធំបំផុតមិនធ្លាប់មាននៅកម្ពុជា។ កម្មវិធីនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីគ្រឹះដ៏រឹងមាំ និងការរីកចម្រើនឥតឈប់ឈររបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងពាណិជ្ជកម្មទាំងអស់របស់ ជីប ម៉ុង ជាមួយនឹងការជួយជ្រោមជ្រែងដ៏សស្រាក់សស្រាំ ពីសំណាក់ដៃគូអាជីវកម្មទាំងអស់ ដើម្បីបន្ដឈរជើងរឹងមាំ តជំនាន់ទៅមុខទៀត។
អ្នកឧកញ៉ា សង្កត់ធ្ងន់ថា ទន្ទឹមនឹងការបោះជំហានទៅមុខរបស់ ជីប ម៉ុង ដៃគូអាជីវកម្ម ក៏ត្រូវតែពង្រឹងបន្ថែមដូចគ្នាដែរ លើសមត្ថភាពគ្រប់គ្រងអាជីវកម្ម ដោយហ៊ានវិនិយោគពង្រីកខ្លួនឲ្យធំ និងរឹងមាំ ពិសេស ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ លើការគ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីរីកចម្រើនខ្លាំងក្លាទៅមុខជាមួយគ្នា។
ម្ចាស់អាជីវកម្ម ជាដៃគូរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងពាណិជ្ជកម្មទាំងអស់របស់ ជីប ម៉ុង បានបង្ហាញនូវក្ដីរំភើបរីករាយ យ៉ាងក្រៃលែង ដែលបានចូលរួម ជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំមួយនេះ ដ្បិតកម្មវិធីនេះមិនត្រឹមតែជាការជួបជុំរវាងក្រុមហ៊ុនជីប ម៉ុង នឹងដៃគូម្ចាស់អាជីវកម្មប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាឱកាស ដែលពួកគេអាចស្វែងរក ការចាប់ដៃគូអាជីវកម្មថ្មីៗ និងការទទួលបាន នូវចំណេះដឹងបន្ថែមទាក់ទងនឹងការគ្រប់គ្រងអាជីវកម្មឲ្យ មាននិរន្ដរភាព តាមរយៈការណែនាំផ្ដល់យោបល់ដ៏មានតម្លៃ ពីថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុនជីប ម៉ុង។
ក្នុងឱកាសដ៏អធិកអធមនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានណែនាំនូវផលិតផលភេសជ្ជៈដ៏ថ្មីសន្លាងចំនួន ០២មុខទៀត ដើម្បីដាក់លក់លើទីផ្សារ រួមមានភេសជ្ជៈប៉ូវកម្លាំង វ៉ាយឃីងស៍ មានជាតិហ្គាស រស់ជាតិឆ្ងាញ់ ក្លិនឈ្ងុយ ផ្ដល់អារម្មណ៍ស្រស់ស្រាយ និងថាមពលខ្លាំងក្លាសម្រាប់រាងកាយ។ ភេសជ្ជៈប៉ូវកម្លាំង ដាស្ស ផ្ដល់ថាមពលខ្លាំងលេខ១ រសជាតិល្អជាងគេ និងរហ័សជំនួយដល់ការបើកបរយូរជាងគេ និងកាត់បន្ថយជាតិស្រវឹង បានលឿនជាងគេ។
សម្រាប់អ្នកចូលរួមនៅក្នុងវេទិកាពាណិជ្ជកម្ម ជីប ម៉ុង មានឱកាសឈ្នះរង្វាន់ធំដូចជា ទូរស័ព្ទ Sumsung Galaxy A55 ចំនួន១២០ គ្រឿង, ម៉ូតូ Honda dream ៤២គ្រឿង, រថយន្ត Mitsubishi X-Force ចំនួន ៣គ្រឿង, និងផ្ទះអាជីវកម្ម ជីប ម៉ុង លែន។
ក្រៅពីការចាប់រង្វាន់ដ៏ធំមិនធ្លាប់មាន កម្មវិធីនេះ ក៏មានការសម្ដែងជូននូវការប្រគំតន្ត្រីដ៏រំភើប និងគួរឲ្យភ្ញាក់ផ្អើល ពីសំណាក់ថ្នាក់ដឹកនាំកំពូលៗរបស់ក្រុមហ៊ុន ជីប ម៉ុង ដោយផ្ទាល់ រួមជាមួយនឹងវត្តមានរបស់កំពូលតារា ចម្រៀងជាច្រើនរូបទៀតផងដែរ៕