(បរទេស)៖ ថ្មីៗនេះ ក្រុមហ៊ុនវៀតណាម និងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoUs) ជាច្រើនក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ រួមមានថាមពល បញ្ញាសិប្បនិម្មិត (AI) និងមជ្ឈមណ្ឌលទិន្នន័យ។ ប្រកាសនេះ ត្រូវបានធ្វើឡើដោយរដ្ឋាភិបាលវៀតណាមនៅថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពីវេទិកាធុរកិច្ចដែលបានធ្វើឡើងនៅសហរដ្ឋអាមេរិក។
យោងតាមចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ បានបង្ហាញថា ការចុះ MoUs នោះរួមមាន កិច្ចព្រមព្រៀងមួយស្តីពីការផ្ទេរបច្ចេកវិទ្យាថាមពលដែលចុះហត្ថលេខាដោយក្រុមហ៊ុនប្រេងរដ្ឋរបស់វៀតណាម PetroVietnam និង Kellogg Brown & Root, កិច្ចព្រមព្រៀងស្តីពីការប្រើប្រាស់ឧស្ម័នធម្មជាតិរាវ (LNG) រវាងអង្គភាព PetroVietnam PTSC និង Excelerate Energy, ព្រមទាំងកិច្ចសហការ AI និងការអភិវឌ្ឍន៍មជ្ឈមណ្ឌលទិន្នន័យរវាង Sovico Group និង Supermicro ជាដើម។
មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet របស់វៀតណាមបាននិយាយថា ខ្លួនក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការតម្លៃ ១.១ពាន់លានដុល្លារជាមួយក្រុមហ៊ុនអាមេរិក Honeywell Aerospace Technologies ផងដែរ។ ខណៈកិច្ចព្រមព្រៀងនេះ គឺក្រុមហ៊ុនអាមេរិកជាអ្នកផ្តល់សេវាកម្មបច្ចេកទេសអាកាសចរណ៍ បង្កើនសុវត្ថិភាពក្នុងការហោះហើរ និងមើលការខុសត្រូវលើប្រតិបត្តិការជើងហោះហើរទាំងមូល។
គួរជម្រាបថា វេទិកានេះក៏មានការចូលរួមដោយប្រធានាធិបតីវៀតណាមលោក To Lam ផងដែរ ដោយលោកគ្រោងនឹងចួបជាមួយនឹងប្រធានាធិបតីអាមេរិកលោក Joe Biden នៅថ្ងៃពុធសប្តាហ៍នេះ ក្នុងអំឡុងមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។ លោក Lam បានលើកឡើងថា ប្រទេសទាំងពីរមានកន្លែងច្រើនដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ហើយវៀតណាមសង្ឃឹមថាសហរដ្ឋអាមេរិកនឹងក្លាយជាប្រភពវិនិយោគបរទេសដ៏ធំបំផុតរបស់ខ្លួន៕