(ភ្នំពេញ)៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ត្រូវនឹងថ្ងៃកាន់បិណ្ឌវេនទី៧ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ បានដឹកនាំក្រុមការងារសមាគម និងសិល្បករ-សិល្បការនីកាន់បិណ្ឌវេនទី៧ នៅវត្តបទុមវតីរាជវរារាម។
នៅក្នុងពិធីកាន់បិណ្ឌនេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រួមទាំងក្រុមការងារ លោកតាអាចារ្យ យាយជី តាជី បានធ្វើបទនមស្សការសមាទានសីល រាប់បាត្រ និងវេរភត្តាហារព្រមទាំងទេយ្យទាន និងប្រគេនបច្ច័យដល់ព្រះសង្ឃ បង្សុកូលដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធដល់បុព្វការីជន ដែលបានចែកឋានទៅកាន់បរលោក ឱ្យទទួលបានមគ្គផលហើយឲ្យពរដល់កូនចៅជួបតែសេចក្តីសុខ និងបានចែកទានដល់ពុទ្ធបរិស័ទ យាយជី តាជី ផងដែរ។
ក្នុងពិធីបុណ្យកាន់បិណ្ឌនេះ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានស្វាធ្យាយធម៌បង្សុកូល ឧទ្ទិសកុសលមគ្គផលចំពោះវិញ្ញាណក្ខន្ធជីដូន ជីតា ញាតិកាទាំងប្រាំពីរសន្តាន របស់លោកជំទាវអ្នកឧកញ៉ា និងក្រុមការងារជួបតែសេចក្តីសុខចម្រើន គ្រប់ៗគ្នាជារៀងរហូត។
ក្នុងឱកាសនោះ លោកជំទាវអ្នកឧកញ៉ា បានថ្លែងអំណរគុណដល់សិល្បករ-សិល្បការិនី ដែលបានឆ្លៀតឱកាសដ៏មមាញឹក ចូលរួមកាន់បិណ្ឌជាមួយលោកជំទាវ។ លោកជំទាវអ្នកឧកញ៉ាប្រធានសមាគម ក៏បានប្រសិទ្ធពរបវរប្រសើរជូន ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សិល្បករ-សិល្បការិនីទាំងអស់ ជួបប្រទះតែនឹងសេចក្តីសុខ និងសេចក្ដីចម្រើន ព្រមទាំងសមប្រកបនឹងពុទ្ធពរទាំងបួនប្រការ។
ជាមួយគ្នានេះ លោកជំទាវអ្នកឧកញ៉ាបានផ្ញើសារ សូមឱ្យយុវជនទាំងអស់ចាកឆ្ងាយពីគ្រឿងញៀន និងសូមឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទាំងប្រទេស នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រកបដោយសុវត្ថិភាពទាំងទៅទាំងមក ហើយបើកបរសូមយោគយល់អធ្យាស្រ័យគ្នា៕