(បរទេស)៖ កាសែត Wall Street Journal (WSJ) បានរាយការណ៍មកថា ក្រុមហ៊ុនផលិតបន្ទះឈីបពាក់កណ្តាលសម្រេច (Semiconductor) ធំៗចំនួន ២ របស់ពិភពលោកគឺ TSMC និង Samsung Electronics កំពុងពិភាក្សាគ្នាទាក់ទងនឹងការបង្កើតរោងចក្រផលិតបន្ទះឈីបខ្នាតធំនៅក្នុងប្រទេសអារ៉ាប់រួម (UAE) ជាមួយនឹងការបោះទុនវិនិយោគរហូតដល់ ១០០ពាន់លានដុល្លារនៅប៉ុន្មានឆ្នាំខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។
WSJ បាននិយាយថា នាយកប្រតិបត្តិកំពូលនៅ TSMC បានធ្វើដំណើរទស្សនកិច្ចទៅកាន់ UAE នាពេលថ្មីៗនេះ ដើម្បីពិភាក្សាពីលទ្ធភាពនៃការសាងសង់រោងចក្រនៅទីនោះ។ ប្រភពដដែលបានឱ្យដឹងទៀតថា ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung Electronics ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូន ទូរទស្សន៍ និង memory chip ក៏កំពុងពិចារណាលើប្រតិបត្តិការផលិតបន្ទះឈីបនៅក្នុងប្រទសអារ៉ាប់រួមក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខផងដែរ។ តែយ៉ាងណាគេមិនច្បាស់នោះទេ ថាក្រុមហ៊ុនយក្សទាំងពីរនេះអាចនឹងសហការគ្នាបោះទុនវិនិយោគនៅទីនោះ ឬយ៉ាងណា ខណៈក្រុមហ៊ុនទាំងពីរ បានបដិសេធសំណើររបស់ Reuters។
គួរជម្រាបថា ប្រសិនបើក្រុមហ៊ុនទាំងពីរនេះពិតជាទៅផលិតបន្ទះឈីបនៅ UAE ពិតមែននោះវាអាចនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ទិដ្ឋភាពនៃ Semiconductor សកល។ មិនត្រឹមតែប៉ុណ្ណោះ Reuters បានលើកឡើងថា នៅពេលដែលកិច្ចព្រមព្រៀងបច្ចេកវិទ្យានៅក្នុងតំបន់កើនឡើង ទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពី UAE និងបណ្តាប្រទេសមជ្ឈិមបូព៌ាផ្សេងទៀត ដែលអាចក្លាយជាបណ្តាញសម្រាប់បច្ចេកវិទ្យា AI កម្រិតខ្ពស់របស់សហរដ្ឋអាមេរិកទៅដល់ប្រទេសចិន៕