(បរទេស)៖ ក្រុមហ៊ុន Toyota Motor Corporation បានប្រកាសពីការពង្រីកផែនការទិញភាគហ៊ុនរបស់ខ្លួនត្រឡប់មកវិញរហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ដោយបន្ថែមចំនួនទិញពី ១ ពាន់លានយ៉េន (ប្រហែល ៦.៩ ពាន់លានដុល្លារ) ទៅ ១.២ ពាន់លានយ៉េន (ប្រហែល ៨.៣១ ពាន់លានដុល្លារ) ដើម្បីឆ្លើយតបទៅនឹងការធ្លាក់ចុះនៃតម្លៃភាគហ៊ុននាពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។

យោងតាមការចុះផ្សាយបានបង្ហាញថា Toyota បានប្រកាសទិញភាគហ៊ុនត្រឡប់មកវិញជាលើកដំបូងនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ដើម្បីទិញត្រឡប់មកវិញនូវភាគហ៊ុនរហូតដល់ ៤១០លានហ៊ុន ឬស្មើនឹង ៣.០៤ភាគរយនៃភាគហ៊ុនដែលនៅសល់របស់ខ្លូន ខណៈដែលមិនរាប់បញ្ចូលភាគហ៊ុនរតនាគារ។

គួរជម្រាបថា ចាប់តាំងពីប្រកាសនោះ ភាគហ៊ុនក្រុមហ៊ុនជប៉ុន Toyota បានធ្លាក់ចុះប្រមាណ ២៧ភាគរយមកទល់ពេលនេះ និងបានបិទក្នុងតម្លៃ ១៨.១១ដុល្លារក្នុងមួយហ៊ុនគិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ។ ការសម្រេចចិត្តនេះឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្ររបស់ Toyota ក្នុងការជំរុញតម្លៃភាគហ៊ុនិក ចំពេលមានការប្រែប្រួលនៃស្ថានភាពទីផ្សារ។​ មិនត្រឹមតែប៉ុណ្ណោះ វិធីសាស្រ្តសរបស់ក្រុមហ៊ុនយក្សជប៉ុននេះ ត្រូវបានគេមើលឃើញថា មានគោលបំណងលើកកម្ពស់ទំនុកចិត្តរបស់វិនិយោគិន និងគាំទ្រដល់សុខភាពហិរញ្ញវត្ថុរយៈពេលវែងរបស់ខ្លួន៕