(ពោធិ៍សាត់)៖ សាលារៀនរៀនសុវណ្ណភូមិ សាខាខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រ ប័ណ្ណសរសើរ អាហារូបករណ៍ និងរង្វាន់ជ័យលាភី ដល់សិស្សពូកែ ប្រចាំឆ្នាំសិក្សា២០២៣-២០២៤។
ពិធីនេះបានធ្វើឡើងក្រោមវត្តមាន លោក ចាន់ នី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ និងមានការចូលរួមពីលោកគ្រូ អ្នកគ្រូ ឪពុកម្ដាយ និងអាណាព្យាបាលសិស្សានុសិស្សជាច្រើនទៀត។
កញ្ញា ប្រាជ្ញ ស៊ីម នាយិកាសាលាសុវណ្ណភូមិ សាខាខេត្តពោធិ៍សាត់ បានជំរាបជូន អំពីវឌ្ឍនភាព នៃកម្មវិធីសិក្សា ចំណេះទូទៅឆ្នាំ២០២៤-២០២៥ មានសិស្សសរុប ៨៣៧នាក់ ស្រី៤៣៧នាក់ គិតត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងនោះសិស្សសិក្សាភាសាខ្មែរ មាន៣០០នាក់ សិក្សាភាសាអង់គ្លេស ចំនួន៥០៣នាក់ និងភាសាចិនចំនួន១៧នាក់។ សាលារៀនសុវណ្ណភូមិ ជាសាលារៀនចំណេះទូទៅភាសាខ្មែរ និងភាសាអង់គ្លេសគ្រប់កម្រិត ដែលមានថ្នាក់រៀន ចាប់ពីមត្តេយ្យសិក្សាកម្រិតទាប រហូតដល់ថ្នាក់ទី១២។ កម្មវិធីសិក្សាចំណេះទូទៅផ្នែកភាសាខ្មែរ អនុវត្តតាមកម្មវិធីសិក្សា របស់ក្រសួងអប់រំយុវជន និងកីឡា រីឯកម្មវិធីភាសាអង់គ្លេសវិញ អនុវត្តតាមកម្មវិធីសិក្សាអន្តរជាតិ។
កញ្ញាបានបន្តថា ដោយបានការគាំទ្រ ពីអតិថិជនក្នុងក្រុងពោធិ៍សាត់ និងស្រុកជិតខាង មកដល់ពេលនេះ ជាលទ្ធផលក្នុងឆ្នាំសិក្សា២០២៣-២០២៤ សិស្សទទួលបានវិញ្ញាបនបត្រឆ្លងភូមិសិក្សាបាន៥១នាក់ ក្នុងនោះមត្តេយ្យឆ្លងចូលទី១ មានចំនួន៣១នាក់ ទី៦ឆ្លងចូលទី៧ មានចំនួន៩នាក់ និងទី៩ឆ្លងចូលទី១០ មានចំនួន១២នាក់។ មធ្យមសិក្សាថ្នាក់ទី៩ បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ១០០% ដោយបាននិទ្ទេសល្អ៩% ល្អនិទ្ទេសបង្គួរ២៧% និងនិទ្ទេសមធ្យម៦៤%។ ក្នុងឆ្នាំសិក្សា ២០២៣-២០២៤នេះ សាលារៀនសុវណ្ណភូមិឃើញថា សិស្សពូកែ ចាប់ពីចំណាត់ថ្នាក់លេខ១ដល់លេខ៥ មានចំនួន៧១នាក់ ក្នុងនោះសិស្សពូកែទទួលបានអាហារូបករណ៍៥០% ចំនួន១៣នាក់ ៤០% ចំនួន៨នាក់ ៣០% ចំនួន៨នាក់ ២០% ចំនួន៣នាក់ និង១០% ចំនួន៣នាក់ អមដោយ អាវយឺត កាតាប និងសម្ភារសិក្សាមួយចំនួនទៀត។
អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ បានកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សា នៃសាលារៀនសុវណ្ណភូមិ ដែលបានខិតខំបង្រៀន និងរៀនសូត្រទទួលបាជោគជ័យ ក្នុងការសិក្សា ការងារជីវិត ក្លាយខ្លួនជាធនធានមានសមត្ថភាពក្នុងសង្គម និងបានការគាំទ្រពីសំណាក់មាតាបិតា និងអាណាព្យាបាល កាន់តែច្រើនឡើង។
លោកបានបន្តថា ការផ្តល់សេវាអប់រំ ប្រកបដោយគុណភាព និងស្របតាមស្តង់ដាជាតិ អន្តរជាតិ ដើម្បីឱ្យសិស្សានុសិស្ស ត្រៀមខ្លួនឱ្យបានល្អ ក្នុងការបន្តថ្នាក់ឧត្តមសិក្សា ក្នុងអាជីពការងារ និងប្រកាន់ភ្ជាប់នូវវិជ្ជាជីវៈ ភាពច្នៃប្រឌិត និងភាពជាម្ចាស់។
លោកបានលើកឡើងថា ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលថ្មី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដែលមានគន្លឹះអាទិភាព ចំនួន៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ សម្ដេចធិបតីបានដាក់ចេញនូវវិធានការណ៍គន្លឹះចំនួន០៤ ក្នុងវិស័យអប់រំ ទី១. ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២. ការពិនិត្យកែសម្រួល ការរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ទី៣. ការយកចិត្តទុកដាក់លើសុខភាពអនាម័យរបស់សិស្ស អាហារតាមសាលារៀន និងទី៤. ការជំរុញញលើកទឹកចិត្ត ការចូលរួមរបស់មាតាបីតាសិស្ស អាណាព្យាបាល សហគមន៍ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការអប់រំស្របតាមពាក្យស្លោក ភាពជាដៃគូររដ្ឋនិងសហគមន៍ដើម្បីការអប់រំ។
ដើម្បីឆ្លើយតបនឹងវិធានការណ៍គន្លឹះរបស់រាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ឱ្យអនុវត្តស្តង់ដា លទ្ធផលសិក្សារបស់សិស្ស ការបង្រៀន និងរៀន ការចូលរួមរបស់សហគមន៍ ដំណើរការប្រតិបត្តិ និងរដ្ឋបាលសាលា និងគណនេយ្យភាពសាលារៀន។
លោកបន្តទៀតថា ដើម្បីឆ្លើយតបនឹងវិធានការគន្លឹះទាំង៤ របស់ប្រមុខរាជរដ្ឋាភិបាល និងអនុវត្តស្ដង់ដាសាលារៀនប្រកបដោយជោគជ័យ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានជំរុញចង្អុលការឱ្យមន្ទីរអប់រំ និងអង្គភាពសាលារៀននៅទូទាំងខេត្ត អនុវត្ត និងត្រូវមានយុទ្ធសាស្ត្រ ផែនការច្បាស់លាស់ ហើយការអប់រំធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋក្នុងខេត្ត ទទួលបានការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន ពោរពេញដោយចំណេះដឹង បំណិន វិន័យ សីលធម៌ ឥរិយាបទល្អ ព្រមទាំងសុខភាពល្អ កាយសម្បទារឹងមាំ និងការសិក្សាមួយជីវិត៕