(ភ្នំពេញ)៖ ក្រុមជម្រើសជាតិអាយុក្រោម ២០ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុម U20 បារ៉ែន នាវេលាម៉ោង ៦ល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ (ម៉ោងនៅកម្ពុជា) ដែលជាការប្រកួតដ៏សំខាន់ក្នុងវគ្គជម្រុះជើងឯកយុវជន U20 ទ្វីបអាស៊ី (AFC U20 Asian Cup 2025) នៅឆាយនីសតៃប៉ិ នាកីឡដ្ឋាន Fu Jen Catholic University។
នេះគឺជាការប្រកួតជម្រុះទី៣ ក្នុងពូលB របស់ក្រុមគោព្រៃជំទង់កម្ពុជា បន្ទាប់ពីឆ្លងកាត់ ២ប្រកួតដំបូងឈ្នះ ១ និងចាញ់ ១ (ឈ្នះ U20 នេប៉ាល់ ៤-១ និងចាញ់ក្រុមការពារជើងឯក U20 អ៊ូសបេគីស្ថាន ៧-០)។ ការប្រកួតនេះ ក្រុមយុវជន U20 កម្ពុជា ទាមទារឈ្នះដាច់ខាត ដើម្បីរក្សាឱកាសឆ្ពោះទៅប្រជែងកៅអីវគ្កបន្ដ។
បារ៉ែន ត្រូវបានចាត់ទុកជាក្រុមខ្លាំងមួយក្នុងពូល បន្ទាប់ពីក្រុមខ្លាំង U20 អ៊ូសបេគីស្ថាន ដោយពួកគេកំពុងឈរខ្ទង់លេខរៀងទី៩០ នៃចំណាត់ថ្នាក់ពិភពលោក ដែលមានកម្រិតខ្ពស់ជាងគេ។ បែបនេះក្ដី ក្រុមគោព្រៃជំទង់កម្ពុជា បានប្ដេជ្ញានឹងធ្វើឲ្យបានល្អបំផុត ដើម្បីឈានទៅប្រជែងកៅអីវគ្គបន្ដ។ នេះបើតាមសម្ដីលោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិ U20 កម្ពុជា មុនចាកចេញពីមាតុភូមិ។
សូមបញ្ជាក់ថា បច្ចុប្បន្នក្រុម U20 កំពុងឈរលេខ២ និងមាន ៣ពិន្ទុ ស្មើក្រុមកំពូលតារាងអ៊ូសបេគីស្ថាន (សល់ ៣ប្រកួត) និងក្រុមលេខ៣ បារ៉ែន(សល់ ៣ប្រកួត) ខណៈនេប៉ាល់ (សល់ ២ប្រកួត)។ សម្រាប់កម្ពុជា ដោយសារនៅសល់ត្រឹម ២ប្រកួត គឺត្រូវការជ័យជម្នះដាច់ខាត ពោលគឺត្រូវជួប U20 បារ៉ែនល្ងាចនេះ និងជួបក្រុមម្ចាស់ផ្ទះ U20 ឆាយនីសតៃប៉ិ នាថ្ងៃទី២៩ ខែកញ្ញា ដើម្បីអ៊ុតមើលឱកាសឡើងទៅវគ្គបន្ដ៕