(ភ្នំពេញ)៖ ខយ តេ បានប្រកាសយ៉ាងមោទនអំពីភាពជោគជ័យនៃយុទ្ធនាការបរិច្ចាគឈាមរបស់ខ្លួនជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រោមឈ្មោះ «អ្នកជាវីរៈជន ឈាមអ្នក ជីវិតគេ» ក្នុងឱកាសសម្ពោធ សាខាថ្មី ខយ តេ ២០០៤។
ព្រឹត្តិការណ៍នេះបានទាក់ទាញសធារណជនដ៏ច្រើនគួរឱ្យកត់សម្គាល់ ដោយមានអ្នកស្ម័គ្រចិត្តជិត 1,000 នាក់មកពីជាង 10 ប្រទេសចូលរួម។ ក្នុងចំណោមអ្នកចូលរួមយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ អ្នកដែលអាចបរិច្ចាគឈាមបានមានចំនួនរហូតដល់ 749 នាក់ ភាគច្រើនជាអ្នកបរិច្ចាគលើកដំបូង។ យុទ្ធនាការ «អ្នកជាវីរៈជន ឈាមអ្នក ជីវិតគេ» បានកំណត់ត្រាឯតទគ្គកម្មជាតិថ្មីមួយ គឺ «អ្នកបរិច្ចាគឈាមច្រើនជាងគេក្នុងមួយថ្ងៃ»។
លោកស្រី ម៉ា យ៉ាហ្វិន ស្ថាបនិក និងជាអគ្គនាយិកា ខយ តេ គ្រុប បានចូលរួមបរិច្ចាគឈាមជាលើកដំបូងក្នុងជីវិតរបស់លោកស្រី ហើយបង្ហាញការគាំទ្រយ៉ាងស្មោះស្ម័គ្រ និងសរសើរអំពីស្មារតីយុទ្ធនាការនេះ។ អ្នកស្រី ម៉ា បាននិយាយថា «ខ្ញុំពិតជាស្ងើចសរសើរចំពោះទឹកចិត្តសប្បុរស និងក្តីមេត្តាពីអ្នកចូលរួមគ្រប់គ្នា។ វាជាសក្ខីភាពបញ្ជាក់ពីទឹកចិត្តសប្បុរស និងភាពរួបរួមគ្នារបស់ប្រជាជនកម្ពុជា»។
លោកឧកញ៉ា ឃន ឈុនដារ៉ា អគ្គនាយកក្រុមហ៊ុន ខយ តេ ដែលបានថ្លែងអំណរគុណចំពោះអ្នកស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមទាំងអស់ និងក្រុមការងារនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត។ យើងរៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការបរិច្ចាគឈាម។ យើងជ្រើសរើសថ្ងៃ១៨ កញ្ញា ព្រោះវាជាថ្ងៃបិណ្ឌ១ នៃពិធីបុណ្យភ្ជុំបិណ្ឌដែលជានិមិត្ដរូបនៃស្មារតីសប្បុរសធម៌របស់ប្រជាជនកម្ពុជា។ ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ នឹងធ្វើឱ្យថ្ងៃសម្ពោធសាខាថ្មីរបស់យើងកាន់តែមានន័យ នឹងគួរឱ្យចងចាំ។ លោកស្នើរ នឹងលើកទឹកចិត្តដល់ស្ថាប័ន និងក្រុមហ៊ុនផ្សេងៗអោយព្យាយាម បំបែកកំណត់ត្រានេះ ដើម្បីឱ្យមានការយល់ដឹង និងសម្រេចបាននូវការបរិច្ចាគឈាមពីសាធារណជនកាន់តែច្រើន។
ការបំបែក ឯតទ្គកម្ម នេះបានបញ្ជាក់ពីសេចក្ដីមោះមុត និងការប្តេជ្ញាដ៏ខ្លាំងក្លារបស់ក្រុមហ៊ុន ខយ តេ ក្នុងការបង្កើតផលវិជ្ជមានជូនសង្គម។ ឈាមដែលបានបរិច្ចាគតាមរយៈអ្នកស្ម័គ្រចិត្តពីយុទ្ធនាការនេះ នឹងជួយក្រុមគ្រូពេទ្យសង្គ្រោះជីវិតមនុស្សទូទាំងប្រទេសកម្ពុជា។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់អ្នកស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមទាំងឡាយ និងដៃគូសហការទាំងអស់ដែលបានរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍នេះទទួលបានភាពជោគជ័យយ៉ាងក្រៃលែង។ រាល់តំណក់ឈាមគឺមានសារសំខាន់និងរាល់ការបរិច្ចាគអាចជួយសង្គ្រោះជីវិតមនុស្ស៕