(បរទេស)៖ អ្នកនាំពាក្យក្រុមហ៊ុន Meta Platform បានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះថា ក្រុមហ៊ុនដ៏ធំរបស់សហរដ្ឋអាមេរិក និងជាមេធំរបស់ Facebook នឹងមិនចូលរួមជាមួយកិច្ចព្រមព្រៀង AI Pact របស់សហភាពអឺរ៉ុបនាពេលបច្ចុប្បន្ននោះទេ លុះត្រាតែច្បាប់ថ្មីចេញជាធរមានសិន។ ប្រកាសនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សផ្សេងទៀតដូចជា Microsoft និង Google បានបង្ហាញជំហររបស់ខ្លួនថានឹងចូលរួមក្នុងកិច្ចព្រមព្រៀងនេះក្នុងពេលឆាប់ៗ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។
យោងតាមរបាយការណ៍ចុះផ្សាយបានបង្ហាញថា កិច្ចព្រមព្រៀងនេះគឺជាវិធានការបណ្តោះអាសន្នមួយ មុនពេលច្បាប់ AI របស់សហភាពអឺរ៉ុបចូលជាធរមាន។ កិច្ចព្រមព្រៀង AI Pact គឺជាគំនិតផ្តួចផ្តើមដោយស្ម័គ្រចិត្តដែលធ្វើឡើងដោយគណៈកម្មការអឺរ៉ុបក្នុងខែវិច្ឆិកា ឆ្នាំ២០២៣។ គោលដៅចម្បងរបស់វា គឺដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុននានា ទាំងក្នុង និងក្រៅសហភាពអឺរ៉ុប ដើម្បីរៀបចំ និងស្របតាមច្បាប់ EU AI នាពេលខាងមុខ ដែលត្រូវបានកំណត់ឱ្យមានប្រសិទ្ធភាពពេញលេញនៅថ្ងៃទី០២ ខែសីហា ឆ្នាំ ២០២៦។
ច្បាប់ AI ចែងថាក្រុមហ៊ុននានានឹងមានកាតព្វកិច្ចផ្តល់សេចក្តីសង្ខេបលម្អិតនៃទិន្នន័យដែលបានប្រើដើម្បីបណ្តុះបណ្តាលគំរូបញ្ញាសិប្បនិម្មិត AI របស់ពួកគេ។ យ៉ាងណាមិញទាក់ទិននឹងរបាយការណ៍នេះ ក្រុមហ៊ុនដែលដំណើរការបច្ចេកវិទ្យា AI ទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀង AI ដោយស្ម័គ្រចិត្ត ឬ AI Pact ជាមុនសិន មុនពេលការអនុវត្តតាមច្បាប់ជាផ្លូវការ។
គួរជម្រាបដែរថា អ្នកនាំពាក្យក្រុមហ៊ុន Meta បានបង្ហាញពីការស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងទៅនឹងការអនុវត្តតាមច្បាប់ AI របស់សហភាពអឺរ៉ុប ប៉ុន្តែអ្នកនាំពាក្យរូបនោះបានគូសបញ្ជាក់បន្ថែមទៀតថា «នាពេលបច្ចុប្បន្ននេះមិនមានគម្រោងចូលរួមជាមួយនោះទេ ប៉ុន្តែនឹងអាចពិចារណាចូលរួមនាពេលអនាគត»៕