(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានទទួលជួបសវនាការជាមួយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា ដើម្បីពិភាក្សាការងារមួយចំនួន ពាក់ព័ន្ធនឹងវិស័យកីឡា ក្នុងគោលបំណងពង្រឹងនូវកិច្ចសហការលើការអភិវឌ្ឍកីឡាជំនាញកម្រិតខ្ពស់ ត្រៀមការប្រកួតអន្ដរជាតិនានា។
ថ្លែងក្នុងការជួបសម្ដែងការគួរសមខាងលើ លោកទេសរដ្ឋមន្ដ្រី បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលបានគាំទ្រលើការបណ្ដុះបណ្ដាល និងការហ្វឹកហាត់កីឡាកម្រិតខ្ពស់ សម្រាប់កីឡាយូដូ ការ៉ាតេ និងកីឡាទូកកានូ-កាយ៉ាក់របស់កម្ពុជា នាពេលកន្លងមក រហូតដណ្ដើមបានជយលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ព្រមទាំងការបញ្ជូនក្រុមជំនាញការជប៉ុនចំនួន ៦០នាក់ ចូលរួមរៀបចំចំណាត់ថ្នាក់ពិការភាពដល់អត្តពលិកជនមានពិការភាពកម្ពុជា និងបានជួយការរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឲ្យដំណើរបានយ៉ាងរលូន និងទទួលបានជោគជ័យ។
ក្នុងឱកាសនោះដែរ លោកបណ្ឌិត ថោង ខុន បានស្នើសុំភាគីជប៉ុន បន្ដការគាំទ្រនូវកិច្ចសហការបន្ថែមទៀត ទៅលើការអភិវឌ្ឍកីឡាយូដូ ការ៉ាតេ និងទូកកានូ-កាយ៉ាក់ ក៏ដូចជាការផ្ដល់អាហារូបករណ៍ហ្វឹកហាត់រយៈពេលវែង ដល់អត្តពលិកវ័យក្មេង និងអត្តពលិកពេញវ័យកម្ពុជា លើប្រភេទកីឡាយូដូ ការ៉ាតេ ទូកកានូ-កាយ៉ាក់ និងកីឡាកាយសម្ព័ន្ធ និងផ្ដល់នូវសម្ភារហ្វឹកហាត់កីឡាកាយសម្ព័ន្ធ (សម្ភារ Trampoline និងរៀបចំ Training Pits) ដើម្បីពង្រឹងគុណផលកីឡាកម្រិតខ្ពស់ត្រៀមការប្រកួតនានា ជាពិសេសការត្រៀមលក្ខណៈឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី (AYG) លើកទី៥ ឆ្នាំ២០២៩ នៅកម្ពុជា។
ជាមួយគ្នានោះ លោក អ៊ូអិណុ អាត់ស៊ូស៊ី បានបង្ហាញនូវសេចក្ដីរីករាយ ចំពោះកិច្ចសហការលើវិស័យកីឡារវាងកម្ពុជា-ជប៉ុន ពិសេសភាពជោគជ័យដ៏ត្រចះត្រចង់នៃព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ ទន្ទឹមនឹងនេះ ក្នុងនាមឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោកក៏បានទទួលយកសំណើររបស់លោកទេសរដ្ឋមន្ដ្រី ថោង ខុន ទៅពិភាក្សាជាមួយភាគីពាក់ព័ន្ធ ក៏ដូចជាសហព័ន្ធកីឡាជាតិជប៉ុន ដើម្បីពិនិត្យលទ្ធភាពក្នុងការបន្ដកិច្ចសហការ និងគាំទ្រដល់ការអភិវឌ្ឍកីឡាជំនាញកម្រិតខ្ពស់តាមសំណើររបស់ភាគីកម្ពុជាផងដែរ។
ចុងក្រោយនៃជំនួបសវនាការនេះដែរ ក្នុងនាម NOCC លោកបណ្ឌិត ថោង ខុន ក៏បានស្នើភាគីជប៉ុន តាមរយៈលោក អ៊ូអិណុ អាត់ស៊ូស៊ី ក្នុងការជួយជំរុញ និងផ្សព្វផ្សាយដល់អ្នករត់ប្រណាំងនៅប្រទេសជប៉ុន ដើម្បីកៀគរការចូលរួមឲ្យបានច្រើន នៅក្នុងទិវារត់ប្រណាំអអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ នៅខេត្តសៀមរាប នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខផងដែរ។ ឯកឧត្តមបានរំឮកថា NOCC និងអង្គការបេះដូងមាស ជប៉ុន បានសហការគ្នារយៈពេល ២៨ឆ្នាំមកហើយ ក្នុងការរៀបចំព្រឹត្តិការណ៍នេះ ដើម្បីមនុស្សធម៌ កំណើនទេសចរណ៍ និងបំផុសការចូលរួមលេងកីឡា៕