(ភ្នំពេញ)៖ លោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានចាត់ទុកការជួបក្រុមខ្លាំងថៃ BG Pathum United គឺជាឱកាសបង្ហាញនូវកម្រិតលេងរបស់ខ្លួនម្ដងទៀត បន្ទាប់ពីក្រុមជើងឯកលីគកំពូលកម្ពុជា បានយកឈ្នះក្រុមខ្លាំងម៉ាឡេស៊ី Terengganu FC ក្រៅដី កាលពីពេលកន្លងទៅ។
ការលើកឡើងនេះ ស្របពេលក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុម BG Pathum United នៅពហុកីឡដ្ឋាន Pathum Thani នាទីក្រុងបាងកក នាវេលាម៉ោង ៧យប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នេះដែលជាការប្រកួតទី២ ក្នុងពូលA នៃការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ាន (ASEAN Club Championship Shopee Cup 2024/25)។
លោក Pep បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា «យើងដឹងថា ការប្រកួតដ៏លំបាកសម្រាប់ពួកយើង ក្នុងការលេងក្រៅទឹកដី និងការប្រឈមមុខនឹងក្រុមខ្លាំងបំផុតរបស់ប្រទេសថៃ (BG Pathum United) ប៉ុន្ដែយើងយកវាជាឱកាសដើម្បីបង្ហាញកម្រិតរបស់យើងម្ដងទៀត»។
បុរសជនជាតិអេស្ប៉ាញរូបនេះ បន្ដថា «ចង្វាក់លេងនៃការប្រកួតនឹងត្រូវបានផ្ដោតសំខាន់។ នៅពេលដែលយើងផ្លាស់ទីបាល់បានលឿន វានឹងកាន់តែងាយស្រួលក្នុងការស្វែងរកចន្លោះត្រឹមត្រូវដើម្បីវាយបក។ ពេលដែលយើងបាត់បាល់ យើងត្រូវជួក្រុមយើងដណ្ដើមបាល់មកវិញ និងត្រៀមសម្រាប់សកម្មភាពបន្ទាប់។ យើងត្រូវតែបង្ហាញទម្រង់លេងដ៏ល្អបំផុតរបស់យើងដើម្បីទទួលបាន ៣ពិន្ទុនៅទីនេះ»។
គួរដឹងថា ការប្រកួតដំបូងរបស់ព្រះខ័នរាជស្វាយរៀង គឺបានយកឈ្នះក្រុមខ្លាំងម៉ាឡេស៊ី Terengganu FC ក្នុងលទ្ធផល ៣-២ គ្រាដែលប្រកួតដំបូងរបស់ BG Pathum United បានស្មើក្រុម PSM Makassar របស់ឥណ្ឌូនេស៊ី ០-០។ ដូច្នេះនេះគឺជាចំណុចគួរឲ្យចាប់អារម្មណ៍ ដែលក្រុមម្ចាស់ផ្ទះថៃនេះ នឹងព្យាយាមស្វែងរកជ័យជម្នះ ក្នុងការប្រកួតជាមួយក្រុមជើងឯកលីគកំពូលកម្ពុជានារាត្រីនេះ៕