(ព្រៃវែង)៖ លោក សរ សិទ្ធិ រដ្ឋលេខាធិការ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ តំណាងអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការប្រកួតកីឡា ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករា ឆ្នាំ២០២៥ ដែលបានប្រព្រឹត្តទៅនៅកីឡដ្ឋានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង។
ក្នុងពិធីបើកការប្រកួតកីឡានាឱកាសនោះ មានការអញ្ជើញចូលរួមពី លោក-លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ នាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក ប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក ប្រតិភូដឹកនាំ និងកីឡាករ-កីឡាការិនី និងសិស្សានុសិស្ស សរុបចំនួន១,០៩៣រូប។
នាឱកាសនោះ លោក សរ សិទ្ធិ បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុងពិធីបើកការប្រកួតនេះ។ លោករដ្ឋលេខាធិការ បន្តទៀតថា ព្រឹត្តិការណ៍កីឡា មិនមែនត្រឹមតែជាការប្រកួត តែមួយមុខប៉ុណ្ណោះនោះទេ ពោលគឺលើសពីកីឡា ជាពិសេសព្រឹត្តិការណ៍កីឡា គឺជាឱកាសនៃការធ្វើការទំនាក់ទំនង ការផ្លាស់ប្ដូរបទពិសោធន៍ និងរឹតចំណងសាមគ្គីភាព មិត្តភាពរវាងប្រតិភូកីឡាមកពីគ្រប់មជ្ឈដ្ឋានផងដែរ។
លោកអធិបតី ក៏បានបន្ថែមថា ជាការពិតកាលពីសម័យសង្រ្គាម យុទ្ធជនកម្ពុជាបង្ហូរឈាមលើសមរភូមិដើម្បីយកជ័យជម្នះ និងសុខសន្តិភាពជូនជាតិមាតុភូមិ ប៉ុន្តែបច្ចុប្បន្នក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ព្រមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងសម័យដែលប្រទេសជាតិមានសុខសន្តិភាព យុវជនបានងាកមកប្រកួតគ្នាក្នុងវិស័យកីឡាវិញដើម្បីសុខភាព និងមុខមាត់ជូនសង្គមជាតិ ជូនខ្លួនឯង ជូនគ្រួសារ និងអង្គភាព។
លោក សរ សិទ្ធិ ក៏បានគោរពថ្លែងអំណរគុណ គោរពជូនអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានផ្តួចផ្តើម និងគាំទ្រ ឲ្យមានការរៀបចំព្រឹត្តិការណ៍ប្រកួតនេះឡើង។
សូមបញ្ជាក់ផងដែរថា ការប្រកួតកីឡាដណ្តើមពានរង្វាន់ លោកអភិសន្តិបណ្ឌិត ស សុខា នេះមានកីឡាករ-កីឡាការិនីចូលរួមសរុប ៦៥០នាក់ ស្មើនិង ១៩៧ក្រុម មកពីបណ្ដាក្រុង-ស្រុកទាំង១៣ ក្នុងខេត្តព្រៃវែង នឹងធ្វើការប្រកួតក្នុងប្រភេទកីឡា ចំនួន០៥ រួមមាន៖ កីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាវាយសី កីឡាប៉េតង់ និងកីឡាអត្តពលកម្ម៕