(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចបវរធិបតី” (គ.ច.យ.ខ.ព) បានបញ្ជាក់ថា ក្នុងការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណនេះ ក្រៅពីកំណត់ឲ្យមានកីឡាករ-កីឡាការិនីឆ្នើមប្រចាំវិញ្ញាសានីមួយៗ ក៏នឹងមានការវាយតម្លៃ ដើម្បីជ្រើសរើសអាជ្ញាកណ្ដាល-ចៅក្រមឆ្នើមផងដែរ ។
នេះបើតាមការលើកឡើងពិធីបិទវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រម ដែលគណៈកម្មការចំពោះកិច្ច គ.ច.យ.ខ.ព បានរៀបចំរយៈពេល ២ថ្ងៃ កាលពីថ្ងៃទី២៣-២៤ ខែកញ្ញា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ដោយមានសិក្ខាកាមចំនួន ៤១នាក់ ចូលរួម និងបញ្ចប់ការសិក្សាដោយជោគជ័យ ត្រៀមចូលរួមកាត់សេចក្ដីក្នុងការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចបវរធិបតី” លើកទី១ នាថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២៤ ខាងមុខ ។
ក្រៅបញ្ចប់វគ្គបណ្ដុះបណ្ដាលខាងលើ លោក វ៉ាត់ ចំរើន បានលើកទឹកចិត្តអាជ្ញាកណ្ដាល-ចៅក្រមទាំងអស់ ត្រូវយកចំណេះដឹងរបស់ខ្លួន ទៅប្រើប្រាស់ដោយឯករាជ ក្នុងការកាត់សេចក្ដី ដើម្បីផ្ដល់នូវយុត្ដិធម៌ដល់កីឡាករ-កីឡាការិនីចូលរួមការប្រកួតទាំងអស់ ។ រីឯប្រធានគណៈកម្មការអាជ្ញាកណ្កាល-ចៅក្រម ត្រូវបែងចែកតួនាទីឲ្យបានដាច់ស្រេច រវាងអាជ្ញាកណ្ដាល-ចៅក្រមលើវិញ្ញាសាសម្ដែង និងប្រយុទ្ធ ដើម្បីឈានទៅវាយតម្លៃរកអាជ្ញាកណ្ដាល-ចៅក្រមឆ្នើម ក្រោយបញ្ចប់ការប្រកួត ហើយអាចរៀបចំរង្វាន់លើកទឹកចិត្តជូនទៀតផង ។
ទន្ទឹមជាមួយការចាត់តាំងឲ្យមានការវាយតម្លៃរកអាជ្ញាកណ្ដាល-ចៅក្រមឆ្នើម ដើម្បីលើកទឹកចិត្ត និងធ្វើជាគំរូល្អនេះដែរ លោកបានផ្ដាំផ្ញើអាជ្ញាកណ្ដាល-ចៅក្រមទាំងអស់ ត្រូវចៀសវាយដាច់ខាតនូវអគតិទាំង ៤ រួមាន៖ ១-មិនលំអៀងព្រោះសាច់ញាត្តិ ឬគ្រួសារនិយម ២-មិនលំអៀងព្រោះការស្រលាញ់ ឬស្អប់ ៣-មិនលំអៀងព្រោះសម្ពាធពីនរណាម្នាក់ (មានន័យថា អាជ្ញាកណ្ដាល-ចៅក្រម គឺជាស្ដេចលើទីលាន គ្មានអ្នកណាធំជាងខ្លួនឡើង) និងទី៤-មិនលំអៀងព្រោះការស៊ូកប៉ាន់ ឬលាភសក្ការៈ ត្រូវចៀសវាងដាច់ខាត ព្រោះនេះគឺជាក្រមសីលធម៌កីឡា ។
សូមរំឮកថា ព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចបវរធិបតី” នឹងត្រូវរៀបចំរៀងរាល់ឆ្នាំ ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលរៀបចំឡើងក្រោមស្មារតី អភិរក្សដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍដើម្បីអភិរក្ស “មរតកយុទ្ធគុនខ្មែរបុរាណ” ។ សម្រាប់ពិធីបិទការប្រកួតលើកទី១ នាថ្ងៃទី២០ ខែតុលាខាងមុខ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ៕