(ប៉េកាំង)៖ ក្រុមហ៊ុន Uber Technologies និងក្រុមហ៊ុន WeRide បានប្រកាសភាពជាដៃគូ នៅថ្ងៃពុធ ដើម្បីនាំយករថយន្ត របស់ក្រុមហ៊ុនបង្កើតបច្ចេកវិទ្យា រថយន្តបើកបរស្វ័យប្រវត្តិរបស់ចិន ក្នុងការចាប់ផ្តើមសេវាកម្មរថយន្តឈ្នួល នៅប្រទេសអេមីរ៉ាត់អារ៉ាប់រួម។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។
កិច្ចសហការដំបូងរបស់ក្រុមហ៊ុន WeRide ជាមួយនឹងក្រុមហ៊ុនកម្មវិធីសេវាកម្មឈ្នួលលំដាប់សកលលោកនេះ នឹងជួយឱ្យក្រុមហ៊ុន WeRide ពង្រីកវិសាលភាពរបស់ខ្លួន នៅខាងក្រៅប្រទេសចិន, ស្របពេលដែលក្រុមហ៊ុន Uber បានបញ្ចូលរថយន្តឈ្នួលបើកបរដោយស្វ័យប្រវត្តិ (Robotaxi) ចូលទៅក្នុងកម្មវិធីរបស់ខ្លួន (Platform)។
Uber បានពង្រីកភាពជាដៃគូរបស់ខ្លួន ជាមួយក្រុមហ៊ុន Alphabet និងក្រុមហ៊ុន Waymo ដើម្បីនាំយករថយន្តឈ្នួលបើកបរដោយស្វ័យប្រវត្តិ ទៅកាន់ទីក្រុង Austin រដ្ឋ Texas និងទីក្រុង Atlanta រដ្ឋ Georgia របស់សហរដ្ឋអាម៉េរិក កាលពីដើមខែនេះ។
ភាពជាដៃគូរបស់ក្រុមហ៊ុន Uber ជាមួយនឹងក្រុមហ៊ុន WeRide គ្រោងនឹងចាប់ផ្តើមនៅទីក្រុង Abu Dhabi ចុងឆ្នាំនេះ។
WeRide ជាក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណជាតិលើកដំបូង និងតែមួយគត់របស់អេមីរ៉ាត់អារ៉ាប់រួម សម្រាប់រថយន្តបើកបរដោយខ្លួនឯង ដែលអនុញ្ញាតឱ្យក្រុមហ៊ុនចិន អាចសាកល្បង និងប្រតិបត្តិការរថយន្តឈ្នួលបើកបរដោយខ្លួនឯង នៅលើផ្លូវសាធារណៈទូទាំងប្រទេស។
គួរជម្រាបដែរថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាម៉េរិក Biden កាលពីថ្ងៃចន្ទ បានស្នើដាក់ការហាមឃាត់ ដែលនឹងរារាំងការបើកបរសាកល្បង នៃរថយន្តបើកបរដោយខ្លួនឯង ដែលផលិតដោយក្រុមហ៊ុនចិន លើផ្លូវរបស់អាម៉េរិក ហើយអាចនឹងពង្រីកការហាមឃាត់ លើកម្មវិធីផ្នែកទន់ និងរឹង នៃរថយន្តដែលផលិតដោយប្រទេសគូប្រជែងផ្សេងទៀត របស់អាម៉េរិក ក្នុងនោះរួមទាំងប្រទេសរុស្ស៊ីផងដែរ៕