(បរទេស)៖ ដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា បន្ទាប់ពីប្រធានផ្នែកបច្ចេកវិទ្យា (CTO) របស់ OpenAI បានប្រកាសនៅថ្ងៃពុធ ថានាងនឹងចាកចេញពីក្រុមហ៊ុនក្នុងពេលឆាប់ៗនេះ បន្ទាប់ពីបម្រើការងារអស់រយៈពេល ៦ឆ្នាំកន្លះ។
យោងតាមការបង្ហោះសារនៅលើបណ្ដាញសង្គម X (អតីត Twitter) របស់លោកស្រី Mira Murati ជា CTO របស់ OpenAI បានសរសេរថា នាងកំពុងចាកចេញពីក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ។ លោកស្រីបាននិយាយថា “បន្ទាប់ពីការឆ្លុះបញ្ចាំងជាច្រើន ខ្ញុំបានសម្រេចចិត្តយ៉ាងលំបាកក្នុងការចាកចេញពី OpenAI … ខ្ញុំកំពុងដើរចេញព្រោះខ្ញុំចង់បង្កើតពេលវេលា និងធ្វើការស្រាវជ្រាវដោយខ្លួនឯង”។
នាយកប្រតិបត្តិ (CEO) របស់ OpenAI លោក Sam Altman បានបង្ហោះសារនៅលើបណ្ដាញសង្គម X ថា លោកពិតជាដឹងគុណ និងអរគុណជាខ្លាំងចំពោះលោកស្រី Murati ដែលបានជួយ និងបង្កើតនូវអ្វីៗដែលអស្ចារ្យនាពេលកន្លងមក ហើយខ្ញុំក៏គាំទ្រចំពោះការសម្រេចចិត្តរបស់លោកស្រី និងជូនពរឲ្យលោកស្រីទទួលបានជោគជ័យ ចំពោះអ្វីដែលលោកស្រីនឹងធ្វើបន្ទាប់ពីចាកចេញពីក្រុមហ៊ុននេះ។
នៅក្នុងកិច្ចសម្ភាសន៍មួយកាលពីខែមិថុនាកន្លងទៅនេះ លោកស្រីបាននិយាយធ្វើឲ្យប៉ះពាល់ដល់សិល្បករ និងអ្នកនិពន្ធ រហូតទទួលរងពាក្យបណ្ដឹងពីបទរំលោភលើកម្មសិទ្ធិអ្នកនិពន្ធ និងកាសែត ប៉ុន្តែពាក្យបណ្តឹងមួយនោះ មិនបានជះឥទ្ធិពលខ្លាំងលើអាជីពរបស់លោកស្រីឡើយ។
គួរបញ្ជាក់ផងដែរថា លោកស្រី Murati មិនសូវចេញមុខនោះទេ ប៉ុន្តែលោកស្រីត្រូវបានគេស្គាល់ និងដឹងថា ជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូបដ៏មានឥទ្ធិពលនៅក្នុងក្រុមហ៊ុន ហើយក៏មានភាពជិតស្និទ្ធជាមួយនឹងថ្នាក់ដឹកនាំកំពូលផងដែរ៕