(បរទេស)៖ រដ្ឋាភិបាលវៀតណាម បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ក្រុមហ៊ុនអវកាស SpaceX របស់កំពូលមហាសេដ្ឋី Elon Musk គ្រោងវិនិយោគ ១៥ពាន់លានដុល្លារនៅក្នុងប្រទេសរបស់ខ្លួន។
បើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍ខាងលើបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងញូវយ៉ក រវាងប្រធានាធិបតីវៀតណាមលោក To Lam និងលោក Tim Hughes អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន SpaceX សម្រាប់ធុរកិច្ចសកល និងកិច្ចការរដ្ឋាភិបាល។ លោក Lam បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «រដ្ឋាភិបាលវៀតណាមកំពុងពិចារណាលើសំណើវិនិយោគ របស់ SpaceX» ។ តាមរយៈកិច្ចពិភាក្សានេះ លោក Lam បានស្នើឱ្យ SpaceX ធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធក្នុងប្រទេសវៀតណាម ដើម្បីបញ្ចប់ការត្រៀមលក្ខណៈនានា រៀបចំមុនការវិនិយោគប្រកបដោយប្រសិទ្ធភាព។
យ៉ាងណាមិញ ជុំវិញព័ត៌មានខាងលើនេះ ក្រុមហ៊ុន SpaceX ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ Reuters សម្រាប់ការធ្វើអត្ថាធិប្បាយនោះទេ៕