(ភ្នំពេញ)៖ ក្រុមជម្រើសជាតិអាយុក្រោម ២០ឆ្នាំកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិ U20 បារ៉ែន ១-០ ក្នុងការប្រកួតទី៣ នៃវគ្គជម្រុះជើងឯកយុវជនអាយុក្រោម ២០ឆ្នាំទ្វីបអាស៊ី AFC U20 Asian Cup 2025 ពូលB នៅទឹកដីឆាយនីសតៃប៉ិ កាលពីរាត្រីថ្ងៃពុធ។
ជ័យជម្នះនេះបានធ្វើឲ្យអ្នកគាំទ្រគោក្រុមព្រៃកម្ពុជា មានការសប្បាយរីករាយជាខ្លាំង បន្ទាប់ពីក្រុមយុវជន U20 កម្ពុជា បានបន្ថែម ៣ពិន្ទុ ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដ។ មិនតែប៉ុណ្ណោះ អ្នកគាំទ្រក៏បានបង្ហាញនូវមោទនភាព ចំពោះក្រុមយុវជនជំនាន់ថ្មីផងដែរ ដែលបានយកឈ្នះក្រុមខ្លាំងបារ៉ែន ដ្បិតកាលពីឆ្នាំ២០២១ ក្រុមជម្រើសជាតិកម្ពុជា (ឈុតធំ) ធ្លាប់ចាញ់ក្រុមជម្រើសជាតិបារ៉ែន រហូតដល់ ៨-០ ឯណោះ ក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក។
ក្រោមការដឹកនាំរបស់លោក Koji Gyotoku ថ្វីដ្បិតរងបរាជ័យ ៧-០ ក្រោមថ្វីជើងក្រុមការពារតំណែងជើងឯក U20 អ៊ូសបេគីស្ថាន តែកីឡាករសំខាន់ៗជាច្រើន ត្រូវបានលោករក្សាទុកលេងទល់នឹងក្រុមខ្លាំងបារ៉ែន កាលពីយប់មិញ។ ជាការពិតការប្រកួតនេះ បានបញ្ចប់ដោយភាពតានតឹង បន្ទាប់ពីរក្សាលទ្ធផល ០-០ នៅវគ្គទី១ ក្រុមគោព្រៃជំទង់កម្ពុជា បានព្យាយាមលេងយ៉ាងល្អនៅវគ្គទី២ រហូតរកបានគ្រាប់នាំមុខ ១គ្រាប់មុន នៅនាទី៦៨ ដោយកីឡាករ មាន ចាន់រិទ្ធ ហើយក៏ជាគ្រាប់បាល់ជ័យជម្នះក្នុងការប្រកួតនេះដែរ។
ជ័យជម្នះទី២ ក្នុងចំណោម ៣ប្រកួតនេះ បានធ្វើឲ្យក្រុមជម្រើសជាតិ U20 កម្ពុជា ឈរលេខ២ ក្នុងពូលបណ្ដោះអាសន្ន ដោយរកបាន ៦ពិន្ទុ ស្មើក្រុមកំពូលតារាង U20 អ៊ូសបេគីស្ថាន ខណៈកម្ពុជា នៅសល់ ១ប្រកួតក្នុងដៃទៀត ដោយត្រូវជួបក្រុមម្ចាស់ផ្ទះឆាយនីសតៃប៉ិ នាថ្ងៃទី២៩ ខែកញ្ញាខាងមុខ។ ទោះបីឱកាសប្រជែងកៅអីកំពូលតារាងស្ទើរតែគ្មាន តែបច្ចុប្បន្នកម្ពុជា កំពុងឈរកំពូលតារាង នៃក្រុមលេខ២ ល្អជាងគេ ដែលជាឱកាសមួយ សម្រាប់ការរង់ចាំអ៊ុតលទ្ធផលការប្រកួតពូលផ្សេងៗ ដើម្បីកំណត់ក្រុមលេខ២ ល្អជាងគេចំនួន ៥ក្រុមឡើងទៅជុំផ្ដាច់ព្រ័ត្រ ឬវគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់ AFC U20 Asian Cup 2025៕