(អ៉ីតាលី)៖ ក្រុមជើងឯកលីគអ៉ីតាលីរដូវកាលមុន Inter Milan បានបង្ហាញកាលពីថ្ងៃពុធថា ក្រុមហ៊ុនវិនិយោគ Oaktree Capital Management ដែលម្ចាស់ភាគហ៊ុនថ្មីរបស់ក្លិប បានសម្រេចផ្តល់បន្ថែមជាទឹកប្រាក់ប្រមាណ ៥២លានដុល្លារ ដើម្បីធ្វើឱ្យប្រសើឡើងនៅផ្នែកហិរញ្ញវត្ថុរបស់ក្លិប។
Inter Milan បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សម្រាប់ការវិនិយោគនេះ គឺជាការបង្ហាញពីការប្តេជ្ញាចិត្តមួយ គឺជាផ្នែកមួយនៃការធ្វើប្រតិបត្តិការរបស់ក្លិប ដើម្បីធ្វើឱ្យមានស្ថិរភាពផ្នែកហិរញ្ញវត្ថុ ។
រំលឹកផងថា ក្រុមហ៊ុន Oaktree Capital Management ជាក្រុមហ៊ុនគ្រប់គ្រង់ទ្រព្យសម្បត្តិសកលរបស់សហរដ្ឋអាមេរិក បានចូលកាន់កាប់ក្រុម Inter Milan ដែលស្ថិតក្នុងលីគ Serie A កាលពីខែឧសភា បន្ទាប់ពីក្លិបនេះមានវិបត្តិលើការបង់ប្រាក់ចំនួន ៣៩៦លានអឺរ៉ូពីអតីតម្ចាស់ភាគហ៊ុនចិន។
រំលឹកផងថា ក្រុម Inter Milan ជាក្រុមជើងឯកពានរង្វាន់លីគអ៉ីតាលី Serie A ចំនួន ២០សម័យកាល ខណៈការខាតបង់របស់ក្លិបបានមានការធ្លាក់ចុះមកនៅត្រឹម ៣៦លានអឺរ៉ូ ក្នុងឆ្នាំ២០២៣-២៤ ពីចំនួន ៨៥លានអឺរ៉ូកាលពីឆ្នាំមុន ដោយសារតែការកើនឡើងនៃប្រាក់ចំណូល ដែលលទ្ធផលវិជ្ជមាននៃផ្នែកកឡារបស់ពួកគេ បានជួយបង្កើនចំណូលពាណិជ្ជកម្មរបស់ខ្លួន ៕