(ប៉ារីស)៖ Raphael Varane នៅពេលនេះបានសម្រេចចិត្តចូលនិវត្តន៍ពីអាជីពបាល់ទាត់ហើយ ក្នុងត្រឹមតែ ៣១ឆ្នាំ ក្រោយពីជួបញ្ហារបួសជង្គង់ពីការចូលលេងជាមួយក្រុម Como នៃលីគអ៉ីតាលីកាលពីខែមុន ក្នុងជំនួបប៉ះក្រុម Sampdoria ខណៈបានឱ្យដឹងថា នឹងស្នាក់នៅ Como ក្នុងនាមមិនមែនជាកីឡាករ តែដើម្បីចែករំលែកបទពិសោធន៍ ។
Raphael Varane ជាខ្សែការពារឆ្នើមមួយរូបរបស់ក្លិបយក្សអេស្ប៉ាញ Real Madrid និងក្លិបអង់គ្លេស Manchester United បានផ្ទេរទៅកាន់ក្លិប Como កាលពីខែកក្កដា ប៉ុន្តែបានជួបបញ្ហារបួសជង្គង់នេះ នៅការបង្ហាញខ្លួននៅមួយប្រកួតដំបូងរបស់រូបគេ នាមជាកីឡាករផ្ទេរទៅដោយគ្មានតម្លៃខ្លួននោះទេ ។
រំលឹកផងថា Raphael Varane មុនឈានមកដល់ផ្លូវបំបែកក្នុងវិស័យកីឡាករបាល់ទាត់នេះ រូបគេជាសមាជិកលើកពាន FIFA World Cup 20218 ជាមួយមាន់គក់បារាំង ហើយនៅក្លិបអាជីពបានឈ្នះពានលីគដូចជាពានរង្វាន់ UEFA Champions League ចំនួន ៤សម័យកាលជាមួយក្លិប Real Madrid និងការចូលរួមជាមួយ Man United បានលើកពាន EFL Cup 2022-23 ។
ក្នុងនោះ នៅលើទីលានក្នុងនាមជាខ្សែការពាររូបគេស៊ុតបញ្ចូលទីបាន ២១គ្រាប់ ពីការលេង ៤៨៩ប្រកួត ហើយនៅជម្រើសជាតិលេងបាន ៩៣ប្រកួតរកបាន ៥គ្រាប់ផងដែរ ៕