(ស្វាយរៀង)៖ ដើម្បីចូលរួមចំណែកបម្រើដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា នៅថ្នាក់សាខាអនុសាខា ក្នុងបេសកកម្មជួយសង្គ្រោះដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២៤ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោក សុច សុភក្តី នាយកទីចាត់ការហិរញ្ញវត្ថុ សាលាខេត្តស្វាយរៀង តំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បាននាំយកថវិកាចំនួន២០លានរៀល ពីការប្រកួតមិត្តភាពរវាងក្រុមបាល់ទាត់ធម្មជាតិកីឡាខេត្តស្វាយរៀង និងក្រុមបាល់ទាត់ N4 United កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នៅតារាងបាល់ទាត់ នៃវិទ្យាល័យស្វាយរៀង។
នៅក្នុងពិធីប្រគល់លោក សុច សុភក្តី តំណាងលោក អភិបាលខេត្ត បានជម្រាបជូនអំពីលទ្ធផល នៃការប្រកួតមិត្តភាពរវាងក្រុមបាល់ទាត់ធម្មជាតិកីឡា ខេត្តស្វាយរៀង និងក្រុមបាល់ទាត់ អិន៤ យូណាយធីត (N4 United) បានទទួលលទ្ធផលស្មើគ្នា ៣-៣ ចំពោះថវិកាជាមូលនិធិរួមរបស់ក្រុមបាល់ទាត់ទាំងពីរត្រូវបាន លោក ប៉េង ពោធិ៍សា អភិបាលខេត្ត ឱ្យតំណាងយកប្រគល់ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នាថ្ងៃនេះ ដើម្បីជាប្រយោជន៍សម្រាប់សកម្មភាពមនុស្សធម៌។
លោកស្រី ពៅ សុភាព ហេរញ្ញិកគណៈកម្មាធិការសាខា តំណាងលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានមានមតិថ្លែងអំណរគុណជូនចំពោះក្រុមកីឡាករបាល់ទាត់ទាំងពីរក្រុមដែលស្ម័គ្រចិត្តបរិច្ចាកថវិកាមូលនិធិទាំងអស់ចំនួន ២០លានរៀល ក្នុងស្មារតី និងឆន្ទៈ ចូលរួមចំណែកសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនៅក្នុងខេត្តស្វាយរៀង។
លោកស្រី ហេរញ្ញិកសាខា បានបន្តទៀតថា ថវិកាដែលបានប្រគល់ និងទទួល សាខានឹងយកចិត្តទុកដាក់ប្រើប្រាស់ឱ្យចំទិសដៅក្នុងសកម្មភាពមនុស្សធម៌នៅថ្នាក់សាខា អនុសាខា ឱ្យបានទាន់ពេលវេលា៕