(បរទេស)៖ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបសកល ត្រូវបានរាយការណ៍មកថាកើនឡើងខ្លាំងគិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បន្ទាប់ពីក្រុមហ៊ុនផលិត Memory របស់អាមេរិក Micron បង្ហាញពីប្រាក់ចំណូលទទួលបានច្រើនជាងការរំពឹងទុក និងឈានទៅដល់ការបង្កើនតម្លៃភាគហ៊ុនរបស់ខ្លួន។ Micron បង្ហាញពីប្រាក់ចំណូលសម្រាប់ត្រីមាសរបស់ខ្លួនដែលបញ្ចប់នៅចុងខែវិច្ឆិកា ទទួលបានចំនួន ៨.៧ ពាន់លានដុល្លារ ខណៈការប៉ាន់ស្មានកន្លងទៅ ៨.២៨ពាន់លានដុល្លារ។
បើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC បានឲ្យដឹងថា ភាគហ៊ុនរបស់ Micron បានកើនឡើងជិត ១៥% នៅក្នុងការជួញដូរកាលពីថ្ងៃពុធសប្តាហ៍នេះនៅសហរដ្ឋអាមេរិក។ គូប្រជែងដ៏ធំរបស់ខ្លួនគឺ Samsung Electronics និង SK Hynix ក៏បានមើលឃើញពីតម្លៃភាគហ៊ុនកើនឡើងនៅថ្ងៃព្រហស្បតិ៍នេះផងដែរ។ ងាកមក Samsung កើនឡើង៤% ខណៈពេលដែល SK Hynix កើនឡើងជាង ៩%។ ក្រុមហ៊ុន SK Hynix និង Micron ត្រូវបានគេដឹងថា ជាអ្នកផ្គត់ផ្គង់បន្ទះឈីបអង្គចងចាំដលើក្រុមហ៊ុន Nvidia។
នៅប្រទេសជប៉ុនវិញ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tokyo Electron ក៏បានកើនឡើង ៨% ផងដែរ។ ផ្នែកមួយនៃការកើនឡើងនេះ ត្រូវបានជំរុញដោយការអត្ថាធិប្បាយពី CFO របស់ក្រុមហ៊ុន ទៅកាន់សារព័ត៌មាន Nikkei ដោយមើលឃើញថាការលក់ទាក់ទងនឹងបច្ចេកវិទ្យា AI កើនឡើងប្រហែល ១៥% នៅក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្នដល់ ៦៩០ពាន់លានយ៉េន (៤.៨ ពាន់លានដុល្លារ) ខណៈ SoftBank ដែលជាម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនផលិតបន្ទះឈីប Arm បានកើនឡើងច្រើនជាង ៤% ផងដែរ។
ក្រៅពីក្រុមហ៊ុនទាំងប៉ុន្មានខាងលើនេះ គឺមានក្រុមហ៊ុនផលិតបន្ទះឈីបជាច្រើនទៀត កំពុងមានការកើនឡើងតម្លៃភាគហ៊ុនរបស់ខ្លួនជាបន្តបន្ទាប់ ហើយកត្តាចម្បងនៃការកើនឡើងនេះ គឺដោយសារតែបច្ចេកវិទ្យា AI ដែលពិភពលោកទាំងមូលកំពុងយកចិត្តទុកដាក់លើការអភិវឌ្ឈន៍ និងប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ៕