(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើការប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមឆាយនីសតៃប៉ិ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) ។ នេះបើយោងតាមការជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ។
នេះគឺជាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍មួយ សម្រាប់អ្នកគាំទ្រ ដ្បិតលោក Koji Gyotoku នឹងចេញដឹកនាំលើកដំបូង ក្រោមទទួលបានការតែងតាំងជាគ្រូបង្គោលបណ្ដោះអាសន្ន ជំនួសកៅអីលោក Felix Dalmas ដែលសហព័ន្ធបានប្រកាសបញ្ចប់កិច្ចសន្យា កាលពីថ្មីៗកន្លងមក។
ការប្រកួតមិត្តភាពអន្ដរជាតិ គឺជាការត្រៀមលក្ខណៈមួយរបស់ក្រុមគោព្រៃកម្ពុជា ដើម្បីត្រៀមការប្រកួតពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 ចាប់ពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ខាងមុខ ។ ប៉ុន្ដែមុនឈានដល់ការប្រកួតផ្លូវការ នៃពានរង្វាន់ប្រចាំតំបន់អាស៊ាននេះ កម្ពុជាក៏គ្រោងនឹងមានការប្រកួតមិត្តភាពមួយចំនួនទៀតដែរ។
គួរដឹងថា លោក Koji Gyotoku ដែលនឹងត្រូវដឹកនាំក្រុមជម្រើសជាតិកម្ពុជាខាងលើ បច្ចុប្បន្នលោកក៏មានភារកិច្ចធំៗ ២ក្នុងដៃទៀតដែរ ពោលគឺលោកកំពុងដឹកនាំក្រុម U20 កម្ពុជា ចូលរួមប្រកួតជម្រុះពានរង្វាន់ AFC U20 Asian Cup 2025 នៅឆាយនីសតៃប៉ិ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ និងត្រៀមដឹកនាំក្រុម U17 កម្ពុជា ធ្វើការប្រកួតជម្រុះពានរង្វាន់ AFC U17 Asian Cup 2025 ពូលB នៅកម្ពុជា ចាប់ពីថ្ងៃទី១៩-២៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខផងដែរ៕