(បរទេស)៖ លោក Sam Altman នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុនបច្ចេកវិទ្យា OpenAI បានច្រានចោលព័ត៌មានដែលបានបែកធ្លាយមកថា ការលាឈប់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុនគឺជាផ្នែកការក្នុងការរុះរើរចនាសម្ព័ន្ធ។
នៅថ្ងៃពុធសប្តាហ៍នេះ លោកស្រី Mira Murati ប្រធានផ្នែកបច្ចេកវិទ្យា (CTO) របស់ក្រុមហ៊ុនបានប្រកាសនឹងលាឈប់ពីតំណែង ដោយបានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពេល ថ្នាក់ដឹកនាំជាន់ខ្ពស់ផ្នែកស្រាវជ្រាវចំនួនពីររូបបានប្រកាសដើរចេញពីក្រុមហ៊ុន។
ស្របពេលជាមួយគ្នានោះដែរ ក្រុមហ៊ុន OpenAI បានប្រកាសដកចេញនូវគោលការណ៍មិនស្វែងរកប្រាក់ចំណូល។ វាមានន័យថា OpenAI ចាប់ពីពេលនេះតទៅគឺជាក្រុមហ៊ុនរកប្រាក់ចំណូលវិញ។
ថ្លែងនៅក្នុងវេទិកា Italian Tech Week លោក Altman បានប្រកាសថា ថ្មីៗនេះ មានព័ត៌មានលេចឮមកថា ក្រុមហ៊ុន OpenAI បានរៀបចំរចនាសម្ព័ន្ធថ្មី ដែលបានធ្វើឱ្យបុគ្គលិកមួយចំនួន ជាពិសេសគឺបុគ្គលជាន់ខ្ពស់ បានសម្រេចចិត្តដើរចេញពីតំណែង ប៉ុន្តែលោកសូមបញ្ជាក់ថា ព័ត៌មានទាំងអស់នោះ មិនមែនជាព័ត៌មានពិតឡើយ។
ប៉ុន្តែបើតាមប្រភពមួយចំនួនបានប្រាប់ Reuters ថា ក្រុមហ៊ុន OpenAI បាននិងកំពុងពិភាក្សាជាមួយក្រុមប្រឹក្សាភិបាល និងមេធាវី ដើម្បីរៀបចំផ្លូវដើរថ្មី៕