(ភ្នំពេញ)៖ បន្ទាប់ពីមានប្រវត្តិធ្លាប់ជួបគ្នាលើសង្វៀនគុនខ្មែរ កីឡាករលំដាប់កំពូលកកម្ពុជា ២រូប គឺ ធឿន ធារ៉ា និង ឈឿង ល្វៃ នឹងត្រូវប្រកួតលក្ខណៈគុនចម្រុះខ្មែរបុរាណ នៃពានរង្វាន់សម្ដេចបវរធិបតី លើកទី១ នាថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២៤ ខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) ។
នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចបវរធិបតី” (គ.ច.យ.ខ.ព) ក្រោយកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងដោះស្រាយបញ្ហាសេសសល់ ដែលដឹកនាំដោយលោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាប្រធានគណៈកម្មការចំពោះកិច្ច នៅទីស្នាក់ការ NOCC កាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ ។
អនុប្រធានអចិន្ដ្រៃយ៍ដដែលបានបញ្ជាក់ថា មកទល់ពេលនេះ គណៈកម្មការបានទទួលការចុះឈ្មោះពីអ្នកលេងយុទ្ធគុនខ្មែរបុរាណគ្រប់ទម្រង់ប្រមាណជិត ៣០០នាក់ហើយ ហើយគណៈកម្មការក៏បានពន្យាពេល ១០ឆ្នាំបន្ថែម រហូតដល់ថ្ងៃទី១០ ខែតុលា ដើម្បីផ្ដល់ឱកាសឲ្យអ្នកហាត់គុនទាំងអស់ បានចូលរួមកាន់តែច្រើនផងដែរ ។ ជាមួយគ្នា គ.ច.យ.ខ.ព ក៏បានទទួលការចុះឈ្មោះសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នូវកីឡាករ-កីឡាការិនីកម្រិតអាជីពជាច្រើន ពិសេសវត្តមានកំពូលកីឡាករ ធឿន ធារ៉ា និង ឈឿង ល្វៃ ដែលនឹងត្រូវជួបគ្នាក្នុងប្រភេទទម្ងន់ ៧៥គីឡូក្រាមក្នុងព្រឹត្តិការណ៍នេះផងដែរ ។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា «ក្នុងព្រឹត្តិការណ៍នេះ នឹងមានកីឡាករគុនខ្មែរល្បីៗ ចូលរួមប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ជាក់ស្ដែងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបញ្ជូនឈ្មោះកីឡាករប្រដាល់គុនខ្មែរកម្រិតអាជីព លើប្រភេទទម្ងន់ ៧៥គ.ក្រ រវាង ធឿន ធារ៉ា និង ឈឿង ល្វៃ ដែលនឹងត្រូវប៉ះគ្នា ។ ដូច្នេះសូមត្រៀមខ្លួនចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីដឹងថា ក្រោយខកខានជួបគ្នាជាយូរ តើកម្រិតវិជ្ជាគុន នៃការជួបគ្នាលើសង្វៀនយុទ្ធគុនចម្រុះនេះ នឹងមានការវិវឌ្ឍន៍យ៉ាងណា? ក្រៅពីនេះក៏មានកីឡាករល្បីៗជាច្រើនទៀត ដែលនឹងត្រូវប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចបវរធិបតី”» ។
គួរដឹងថា ក្នុងប្រវត្តិជួបគ្នាលើសង្វៀនគុនខ្មែរ ឈឿង ល្វៃ មិនធ្លាប់យកឈ្នះ ធឿន ធារ៉ា នោះទេ ប៉ុន្ដែការជួបគ្នាលើកនេះ នឹងត្រូវប្រកួតលក្ខណៈយុទ្ធគុនចម្រុះខ្មែរបុរាណ ជាមួយនឹងការប្រើប្រាស់នូវបទបញ្ជា និងលក្ខន្ដិកៈថ្មី ពោលគឺនឹងត្រូវធ្វើការប្រកួតត្រឹមតែ ២ទឹកប៉ុណ្ណោះ (ក្នុង ១ទឹកមានរយៈពេល ២នាទី) ។ ដូច្នេះការប្រកួតនេះ មិនត្រឹមតែជាការបំផុសស្មារតីជាតិនិយមចំពោះមរតកយុទ្ធគុនខ្មែរបុរាណនោះទេ ថែមទាំងជំរុញដល់ការបង្កើតឲ្យមានច្បាប់ និងលក្ខន្ដិកៈថ្មី ស្របតាមស្ដង់ដារកីឡាអន្ដរជាតិ ដើម្បីឈានចូលក្នុងក្របខណ្ឌកីឡាទ្វីបអាស៊ី និងកីឡាអូឡាំពិកនាថ្ងៃមុខផងដែរ ។
សូមបញ្ជាក់ថា ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចបវរធិបតី” បែងចែកការប្រកួតជា ៣កម្រិត ក្នុងនោះមានវិញ្ញាសាប្រយុទ្ធកម្រិតអាជីព និងស្ម័គ្រចិត្ត និងវិញ្ញាសាសម្ដែង ។ សម្រាប់រង្វាន់ជយលាភីលើវិញ្ញាសាប្រយុទ្ធអាជីព មេដាយមាស ទទួលបាន ៣,០០០ដុល្លារ, មេដាយប្រាក់ ២,០០០ដុល្លារ និងមេដាយសំរឹទ្ធ ១,០០០ដុល្លារ ។ រីឯវិញ្ញាសាប្រយុទ្ធស្ម័គ្រចិត្ត និងសម្ដែង មេដាយមាស ទទួលបាន ២,៥០០ដុល្លារ មេដាយប្រាក់ ,២០០០ដុល្លារ និងមេដាយសំរឹទ្ធ ១,០០០ដុល្លារ ។ ក្រៅពីនេះ ក៏នឹងមានការជ្រើសរើសកីឡាករ-កីឡាការិនីឆ្នើម តាមវិញ្ញាប្រភេទទម្ងន់វិញ្ញាសានីមួយៗ ដើម្បីទទួលបានរង្វាន់ពិសេសពីសម្ដេចធិបតីនាយករដ្ឋមន្ដ្រីផងដែរ ៕