(បរទេស)៖ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថាក្រុមហ៊ុនបច្ចេកវិទ្យាយក្សជាច្រើន កំពុងសម្រុកចាយលុយលើការវិនិយោគបង្កើតមជ្ឈមណ្ឌលទិន្នន័យនៅតាមបណ្តាប្រទេសនានា ដើម្បពង្រីកអាជីវកម្មរបស់ខ្លួនស្របទៅនឹងសម័យកាល AI។ ក្នុងនោះនាយកប្រតិបត្តិក្រុមហ៊ុន Alphabet លោក Sundar Pichai បាននិយាយថា Alphabet គ្រោងវិនិយោគទឹកប្រាក់ ៣.៣ ពាន់លានដុល្លារនៅរដ្ឋ South Carolina ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យថ្មីចំនួនពីរ ស្របពេលដែលក្រុមហ៊ុនមេ Google និងគូប្រជែងរបស់ខ្លួនវិនិយោគយ៉ាងខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធនេះដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍កម្មវិធី AI។
បើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថា ក្រុមហ៊ុនយក្ស Alphabet នឹងបង្កើតសាខាមជ្ឈមណ្ឌលទិន្នន័យថ្មីពីរនៅក្នុងតំបន់ Dorchester County និងពង្រីកបរិវេណមជ្ឈមណ្ឌលទិន្នន័យដែលមានស្រាប់របស់ខ្លួននៅក្នុងតំបន់ Berkeley ផងដែរ។ គ្រឿងបរិក្ខារនានា ដែលមាននៅទីតាំងនៅក្នុងបរិវេណពាណិជ្ជកម្ម Pine Hill ក្នុងតំបន់ Ridgeville និង Winding Woods Commerce Park ត្រូវបានគេសន្និដ្ឋានថា នឹងចំណាយប្រាក់វិនិយោគខ្ទង់២ពាន់លានដុល្លារ ហើយនឹងបង្កើតការងារថ្មីចំនួន២០០កន្លែង ខណៈដែល Alphabet នឹងវិនិយោគ ១.៣ ពាន់លានដុល្លារនៅតំបន់ Berkeley បន្ថែម។
គួរជម្រាបថា ក្រៅពីការចាយលុយយ៉ាងច្រើនខាងលើនេះ គេបានដឹងថាកាលពីខែកក្កដាកន្លងទៅ ក្រុមហ៊ុន Alphabet ក៏បានរាយការណ៍ពីការចំណាយដើមទុនចំនួន ១៣ពាន់លានដុល្លារក្នុងត្រីមាសខែមិថុនា ហើយក្រុមហ៊ុនបានប្រាប់វិនិយោគិនថា ការចំណាយដើមទុនប្រចាំត្រីមាសសម្រាប់ឆ្នាំ២០២៤ នឹងមានចំនួនលើសពី ១២ពាន់លានដុល្លារ៕