(បរទេស)៖ ក្រុមហ៊ុន Dell Technologies បាននិយាយប្រកាសនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា បុគ្គលិកផ្នែកលក់របស់ខ្លួននៅទូទាំងពិភពលោក ត្រូវតែមកធ្វើការនៅការិយាល័យក្រុមហ៊ុនចំនួន៥ថ្ងៃក្នុងមួយសប្តាហ៍ ចាប់ពីថ្ងៃទី៣០ ខែកញ្ញាតទៅ ជំនួសឲ្យការធ្វើការងារពីចម្ងាយ ដែលធ្លាប់អនុវត្តន៍តាំងពីវិបត្តិកូវីដ-១៩។ ការសម្រេចធ្វើដូច្នេះ គឺដើម្បីបង្កើតប្រសិទ្ធភាពការងារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។
នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន Dell បានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរនេះគឺដើម្បីប្រើប្រាស់បរិយាកាសដើម្បីសហការ, ផលិតភាពការងារ និង បង្កើនជំនាញផ្សេងៗ ខណៈការធ្វើការពីចម្ងាយគួរតែជាករណីលើកលែង ជាជាងទម្លាប់។ ដូច្នេះទើបសម្រេចស្នើដល់បុគ្គលិក ចំណាយពេល៥ថ្ងៃក្នុងមួយសប្តាហ៍ដើម្បីធ្វើការ មិនថាសហការជាមួយអតិថិជន និងដៃគូនៅក្នុងការិយាល័យនោះទេ ខណៈកន្លងទៅផ្នែកលក់នេះតម្រូវឱ្យធ្វើការពីការិយាល័យរយៈពេល៣ថ្ងៃក្នុងមួយសប្តាហ៍។
គួរជម្រាបថា ចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩មក ក្រុមហ៊ុនជាច្រើនបានអនុញ្ញាតឱ្យបុគ្គលិកធ្វើការពីផ្ទះ។ ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួន ចង់ឱ្យបុគ្គលិកត្រឡប់ទៅការិយាល័យវិញក្នុងរយៈពេល ២ទៅ៣ថ្ងៃក្នុងមួយសប្តាហ៍។ កាលពីសប្តាហ៍មុន ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្ស Amazon បានប្រកាសថា ខ្លួននឹងតម្រូវឱ្យបុគ្គលិកត្រឡប់ទៅធ្វើការនៅការិយាល័យក្រុមហ៊ុនវិញ ៥ថ្ងៃក្នុងមួយសប្តាហ៍ ដោយចាប់ផ្តើមនៅឆ្នាំក្រោយ៕