(ភ្នំពេញ)៖ ក្រុមហ៊ុន សែលកាត ជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេរបស់កម្ពុជា បានបញ្ជាក់ជាថ្មីពីការចូលរួមលើការការពារសុវត្ថិភាពកុមារតាមបណ្តាញអ៊ីនធឺណិត នៅក្នុងវេទិកាផ្នែកច្បាប់អន្តរជាតិ សម្រាប់នគរបាលយុត្តិធម៌ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។ ក្រុមហ៊ុន សែលកាត បានបញ្ជូនអ្នកជំនាញរបស់ខ្លួន ដើម្បីចែករំលែកចំណេះដឹង លើការការពារសុវត្ថិភាព សម្រាប់កុមារតាមបណ្តាញអ៊ីនធឺណិត។ កម្មវិធីនេះត្រូវបានរៀបចំដោយ អង្គភាពការពារកុមារ (CPU) នគរបាលជាតិកម្ពុជា និងក្រសួងយុត្តិធម៌។
វត្តមានដ៏ពិសេសក្នុងកម្មវិធីនេះ មានលោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងទទួលបន្ទុកនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងជាអ្នកតំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអ្នកចូលរួមមកពីគណៈបញ្ជាការនគរបាលជាច្រើនរូបទៀត។ ដោយមានមូលនិធិលើកុមារកម្ពុជា (CCF) ពីអង្គភាពការពារកុមារ (CPU) និងនគរបាលជាតិកម្ពុជាបានផ្តួចផ្តើមរួមគ្នា ក្នុងការធ្វើការដោយមិនខ្លាចនឿយហត់ ដើម្បីការពារកុមារដែលងាយរងគ្រោះ ដោយនាំយកជនល្មើស ដែលបំពានលើកុមារមករកយុត្តិធម៌តាមផ្លូវច្បាប់។
លោក James McCabe នាយកអង្គភាពការពារកុមារ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន សែលកាត លើការគាំទ្រជាបន្តបន្ទាប់ និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃវេទិកានេះថា នេះជាការកសាងសមត្ថភាព របស់ភ្នាក់ងារអនុវត្តច្បាប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការកេងប្រវ័ញ្ចលើកុមារ។ ភាពចាំបាច់របស់មន្ត្រីនគរបាល គឺត្រូវមានចំណេះជំនាញ ក្នុងការកំណត់អត្តសញ្ញាណ និងចាប់ខ្លួនជនល្មើស ព្រមទាំងជួយផ្តល់ជំនួយចាំបាច់ក្នុងប្រព័ន្ធយុត្តិធម៌ដល់ជនរងគ្រោះ។
ក្នុងនាមជាក្រុមហ៊ុនផ្តល់សេវាបច្ចេកវិទ្យាដែលមានទំនួលខុសត្រូវ ក្រុមហ៊ុន សែលកាត បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងវេទិកានេះ ដោយបញ្ជូនអ្នកជំនាញរបស់ខ្លួន ដើម្បីចែករំលែកចំណេះដឹង លើផ្នែកសុវត្ថិភាពសម្រាប់កុមារតាមបណ្តាញអ៊ីនធឺណិត។ លោក តាំង លីម៉េង ប្រធានផ្នែកសន្តិសុខព័ត៌មានវិទ្យា និងអនុលោមភាពនៅក្រុមហ៊ុន សែលកាត និងអ៊ីហ្សីខម បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់ របស់ប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត (ISP) ក្នុងការការពារកុមារតាមបណ្តាញអ៊ីនធឺណិត។ លោកបានសង្កត់ធ្ងន់លើលទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការរួមចំណែកដល់ការការពារកុមារតាមបណ្តាញអ៊ីនធឺណិត ទន្ទឹមនឹងនេះលោកក៏បានទទួលស្គាល់ អំពីបញ្ហាប្រឈមផ្នែកច្បាប់ដែលត្រូវការ ការចូលរួមពីរាជរដ្ឋាភិបាលផងដែរ។
ក្រុមហ៊ុន សែលកាត បានគិតគូរអំពីសមត្ថភាពរបស់ខ្លួន ក្នុងការផ្តល់ព័ត៌មានសម្រាប់ការស៊ើបអង្កេត និងសម្រាប់ពន្លឿនដល់ដំណើរការនីតិវិធីនេះ។ ក្រុមហ៊ុនក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការយល់ដឹង និងការអប់រំរបស់អាណាព្យាបាល ដើម្បីការពារកុមារ លើការចូលប្រើប្រាស់ខ្លឹមសារដែលបង្កគ្រោះថ្នាក់។ ការចូលរួមនេះ ស្របតាមចក្ខុវិស័យរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចំពោះអ៊ីនធឺណិតដែលមានសុវត្ថិភាពជាងមុនសម្រាប់កុមារ។ នៅក្នុងយុគសម័យឌីជីថល ដែលកំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស ការធានាសុវត្ថិភាព និងការការពារកុមារតាមបណ្តាញអ៊ីនធឺណិត បានក្លាយជាអាទិភាពដ៏សំខាន់ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា។ ក្រុមហ៊ុន សែលកាត ទទួលស្គាល់ពីសក្តានុពល និងហានិភ័យដ៏ធំធេង ដែលអាចទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ក្នុងចំណោមកុមារទាំងឡាយ។ ដូច្នេះយើងត្រូវមានការគាំទ្រលើគោលនយោបាយនេះ ដែលជាត្រីវិស័យការសម្រាប់តម្រង់ទិស លើការការពារកុមារតាមបណ្តាញអ៊ីនធឺណិត។
លោក តាំង លីម៉េង ផ្តល់មតិថា «ចំពោះក្រុមហ៊ុន សែលកាត ក្នុងនាមជាក្រុមហ៊ុនប្រតិបត្តិករ ផ្តល់សេវាបច្ចេកវិទ្យាដែលមានទំនួលខុសត្រូវខ្ពស់នោះ យើងត្រូវបង្កើតទីធ្លាអនឡាញ ដែលមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ទាំងអស់ ជាពិសេសកុមារ។ យើងជឿជាក់ថា តាមរយៈការសហការជាមួយភ្នាក់ងារអនុវត្តច្បាប់ និងសហការលើកកម្ពស់ដល់ការយល់ដឹង យើងនឹងអាចកាត់បន្ថយហានិភ័យ នៃការកេងប្រវ័ញ្ចលើកុមារតាមបណ្តាញអ៊ីនធឺណិតបានយ៉ាងច្រើន»។
ការចូលរួមរបស់ក្រុមហ៊ុន សែលកាត នៅក្នុងវេទិកាផ្នែកច្បាប់អន្តរជាតិសម្រាប់នគរបាលយុត្តិធម៌នេះ គឺបានសរបញ្ជាក់ពីការទទួលខុសត្រូវរបស់ខ្លួនក្នុងសង្គម ក៏ដូចជាការខិតខំប្រឹងប្រែងរបស់ខ្លួនជាបន្តបន្ទាប់ទៀត ក្នុងកិច្ចការពារកុមារពីការគំរាមកំហែងតាមបណ្តាញអ៊ីនធឺណិត៕