(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សជប៉ុន Toyota បានរាយការណ៍ពីការធ្លាក់ចុះយ៉ាងខ្លាំងនៃផលិតកម្មសកលរបស់ខ្លួនសម្រាប់ខែសីហា ឆ្នាំ២០២៤ ដែលតំណាងឱ្យការថយចុះទិន្នផលក្នុងរយៈពេល ៧ខែជាប់ៗគ្នា។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។
យោងតាមរបាយការណ៍ចុះផ្សាយបានបង្ហាញថា ផលិតកម្មរបស់ក្រុមហ៊ុន Toyota បានធ្លាក់ចុះសរុប ១១ភាគរយ ពោលគឺផលិតបានត្រឹមតែចំនួន ៧០៩,៥៧១គ្រឿងប៉ុណ្ណោះសម្រាប់ខែសីហា។ ការធ្លាក់ចុះនេះ ត្រូវបានសន្មតថាមកពីកត្តាជាច្រើន រួមទាំងផលប៉ះពាល់នៃព្យុះទីហ្វុង និងបញ្ហាវិញ្ញាបនប័ត្រដែលកំពុងបន្តប៉ះពាល់ដល់ខ្សែសង្វាក់ផលិតកម្ម។
គួរជម្រាបថា ផលិតកម្មនៅក្នុងប្រទេសជប៉ុនបានជួបប្រទះការធ្លាក់ចុះយ៉ាងខ្លាំងប្រហែល ២២ភាគរយដែលរួមចំណែកយ៉ាងសំខាន់ដល់ការធ្លាក់ចុះទាំងមូលនៃក្រុមហ៊ុន Toyota។ ក្រៅពីនេះ នៅមានបញ្ហាប្រឈមជាបន្តបន្ទាប់នៅក្នុងទីផ្សារសំខាន់ៗ ជាពិសេសដោយសារតែការប្រកួតប្រជែងដ៏ខ្លាំងក្លាពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនី និងសម្ពាធសេដ្ឋកិច្ច បានធ្វើឱ្យស្ថានភាពរបស់ក្រុមហ៊ុនតូយ៉ូតាកាន់តែធ្ងន់ធ្ងរ៕