(ភ្នំពេញ)៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានចូលរួមចំណែកដល់សេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជារហូតដល់ ៤៣៨ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ ផលវិជ្ជមាននៃសេដ្ឋកិច្ចសង្គម ដែលត្រូវបានធ្វើឡើងស្របជាមួយនឹងការគម្រប់ខួបលើកទី៣០ របស់ក្រុមហ៊ុននេះ។
របាយការណ៍ «ការរួមចំណែកសេដ្ឋកិច្ចសង្គមឆ្នាំ ២០២៣ នៅក្នុងព្រះរាជាណាចក្រកម្ពុជា របស់ក្រុមហ៊ុន ហ៊ិននីគែន» ត្រូវបានប្រគល់ជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កំឡុងជំនួបសម្តែងការគួរសមថ្មីៗនេះ ពីគណៈប្រតិភូក្រុមហ៊ុន ហ៊ិននីគែន ដែលដឹកនាំដោយលោក Jacco van der Linden ក្រោមប្រធានបទ «អរគុណសម្រាប់ ៣០ ឆ្នាំ»។
របាយការណ៍នេះ បានបង្ហាញថា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានចំណាយ ៧៥ ភាគរយនៃលទ្ធកម្មសរុបរបស់ខ្លួនដែលមានតម្លៃ ១៤២ លានដុល្លារសហអាមេរិក ទៅលើអ្នកផ្គត់ផ្គង់ក្នុងស្រុកដែលជាផ្នែកមួយនៃការជម្រុញសេដ្ឋកិច្ចក្នុងស្រុកយ៉ាងសំខាន់ក្នុងវិស័យ ការវេចខ្ចប់ ដឹកជញ្ជូន កសិកម្ម ថាមពល ទីផ្សារ និងការវិនិយោគក្នុងស្រុក។ អ្នកផ្គត់ផ្គង់ក្នុងស្រុកមួយដែលទទួលបានអត្ថប្រយោជន៍ពីការចំណាយក្នុងស្រុករបស់ក្រុមហ៊ុន ហ៊ិននីគែន កម្ពុជា គឺក្រុមហ៊ុន OJI Packaging។
លោក Dinith Naveen នាយកផ្នែកទីផ្សារនៃ ក្រុមហ៊ុន OJI Packaging បានថ្លែងថា «តាមរយៈកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរបស់យើង ក្រុមហ៊ុន ហ៊ិននីគែន បានស្វែងយល់ និងបង្កើតដំណើរការអាជីវកម្មរបស់យើងយ៉ាងរលូន ដើម្បីធានាបាននូវលទ្ធផលការងារដែលមានប្រសិទ្ធភាព និងគុណភាពខ្ពស់។ ការរៀបចំអាជីវកម្មដោយរលូនរបស់ពួកគេ និងបុគ្គលិកដែលមានចំណេះដឹងបានធ្វើឱ្យយើងកាន់តែងាយស្រួលក្នុងការសហការជាមួយគ្នា»។
ក្រុមហ៊ុន Geolink Group ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់ដំណោះស្រាយដឹកជញ្ជូន និងភស្តុភារនៅប្រទេសកម្ពុជា ហើយក៏ជាអ្នកផ្គត់ផ្គង់ដ៏សំខាន់មួយទៀត ដែលបានធ្វើការជាដៃគូដ៏សំខាន់របស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្នុងការផលិតដបដែលអាចប្រមូលត្រឡប់យកមកប្រើប្រាស់វិញបាន។
លោក ឡេង ចំណាន នាយកគ្រប់គ្រងក្រុមហ៊ុន Geolink Group បានថ្លែងថា «ក្រុមហ៊ុន ហ៊ិននីគែន បង្ហាញពីការគោរព និងការបើកចំហរនៅក្នុងភាពជាដៃគូដ៏យូរអង្វែងរបស់យើង ហើយបានយកចិត្តទុកដាក់ លើកិច្ចសហការយ៉ាងម៉ត់ចត់។ ឧទាហរណ៍ ពួកគាត់ធានាថា បុគ្គលិក និងអ្នកបើកបររបស់យើងតែងតែមានការិយាល័យ និងកន្លែងសម្រាកនៅក្នុងរោងចក្រ»។
សម្រាប់របាយការណ៍នេះ បង្ហាញពីទំនាក់ទំនងដ៏រឹងមាំរវាងវិស័យផលិតភេសជ្ជៈ និងវិស័យលក់រាយរបស់កម្ពុជាដែលផ្តល់អត្ថប្រយោជន៍ដល់ អ្នកលក់ដូវនៅតាមហាងលក់ភេសជ្ជៈ និងអ្នកលក់ផ្ទាល់នៅវិស័យបដិសណ្ឋារកិច្ច។ ផលិតផលរបស់ក្រុមហ៊ុន ហ៊ិននីគែន មាននៅក្នុងហាងជាងប្រមាណ ១១០,០០០ ទូទាំងប្រទេសដែលមាន ៩៦ភាគរយ ជាហាងលក់ភេសជ្ជៈ។
អ្នកស្រី ចន្ទ្រា ម្ចាស់ហាងលក់ភេសជ្ជៈនៅភ្នំពេញ បានថ្លែងថា «ក្រុមហ៊ុន ហ៊ិននីគែន ជាដៃគូពិតប្រាកដមួយដែលជួយជំរុញឱ្យហាងខ្ញុំលក់កាន់តែដាច់។ ផលិតផលរបស់ក្រុមហ៊ុន នៅតែមានតម្រូវការខ្ពស់ ហើយការធ្វើការជាមួយពួកគេកន្លងមកគឺមានភាពងាយស្រួល។ ក្រុមហ៊ុន ហ៊ិននីគែន មិនត្រឹមតែជាអ្នកផ្គត់ផ្គង់ប៉ុណ្ណោះទេ តែជាក្រុមហ៊ុនមួយដែលជួយគាំទ្រ អាជីវកម្មរបស់ខ្ញុំបានកាន់តែរីកច្រើន។ ចាប់តាំងពីខ្ញុំចាប់ផ្តើមលក់ផលិតផល ហ៊ិននីគែន មក ខ្ញុំបានឃើញអតិថិជនកាន់តែច្រើនជាវទំនិញពីហាងខ្ញុំ។ ខ្ញុំសង្កេតឃើញថា ក្រុមហ៊ុនមួយនេះ ពិតជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជួយអាជីវកម្មនានាដូចជាអាជីវកម្មរបស់ខ្ញុំឱ្យរីកចម្រើន ហើយខ្ញុំពេញចិត្តចំពោះការជួយជ្រុំជ្រែងពីសំណាក់ ក្រុមហ៊ុន ហ៊ិននីគែន ណាស់»។
វិស័យមួយទៀតដែលទទួលបានអត្ថប្រយោជន៍ពីការចូលរួមរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺវិស័យកសិកម្ម។ ថ្មីៗនេះ ក្រុមហ៊ុន ហ៊ិននីគែន កម្ពុជា បានបន្តកិច្ចសហការជាមួយអង្គការភាពជាដៃគូរដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា (CPSA) នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ការបន្តធ្វើការសហការ និងភាពជាដៃគូនេះ នឹងដំណើរការរហូតដល់ខែធ្នូ ឆ្នាំ ២០២៥។
ភាពជាដៃគូនេះ មានគោលបំណងធ្វើឱ្យប្រសើរឡើង នូវជីវភាពរស់នៅរបស់កសិករដែលជាសមាជិកនៃសហករណ៍កសិកម្ម (ACs) ដែលចូលរួមក្នុងខ្សែសង្វាក់ផលិតកម្មដំណាំស្រូវ។ សហករណ៍ចំនួន១០ ក្នុងខេត្តបាត់ដំបង និង៥ទៀត ក្នុងខេត្តបន្ទាយមានជ័យនឹងទទួលបានអត្ថប្រយោជន៍ពីភាពជាដៃគូនេះ ទៅដល់កសិករចំនួន ៨៥០ នាក់ដែលក្នុងនោះចំនួន ៥០ ភាគរយជាកសិករ ស្រ្តី និងផ្តល់អត្ថប្រយោជន៍ដោយប្រយោលដល់កសិករចំនួន ១,២៥០បន្ថែមទៀត ក្នុងរយៈពេល១៧ខែ។
លោកស្រី លាវ គីមណា នាយកប្រចាំប្រទេសនៃអង្គការដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា (CPSA) បានថ្លែងថា «ភាពជាដៃគូដ៏មានឥទ្ធិពលនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការដោះស្រាយបញ្ហាប្រឈមដែលកសិករជួបប្រទះនៅក្នុងខ្សែសង្វាក់ផលិតកម្មស្រូវ។ តាមរយៈភាពជោគជ័យកន្លងមករបស់យើង យើងមានបំណងធ្វើឱ្យប្រសើរឡើងនូវផលិតភាព និងភាពធន់តាមរយៈ ការបណ្តុះបណ្តាលក្នុងការអនុវត្តអាកាសធាតុប្រកបដោយភាពវៃឆ្លាត និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ ជាមួយនឹង ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា យើងកំពុងជួយកសិករក្នុងការលើកកម្ពស់ជីវភាពរបស់ពួកគេ និងពង្រឹងសហករណ៍កសិកម្មផងដែរ»។
ភាពជាដៃគូថ្មីរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បង្កើតឡើងនៅលើកិច្ចសហការដំបូងនៅខែធ្នូ ឆ្នាំ ២០២២ ជាមួយអង្គការ CPSA។ ដំណាក់កាលទីពីរនេះ នឹងផ្តោតលើការជម្រុញការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព និងគាំទ្រសហគមន៍កសិកម្មក្នុងស្រុក។ គោលដៅចុងក្រោយគឺបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ស្រូវដែលធន់ ល្អ និងមានតម្លៃខ្ពស់នៅកម្ពុជាដោយផ្តល់អាទិភាពដល់វិធីសាស្រ្តដាំដុះឆ្លាតវៃដោយផ្អែកតាមអាកាសធាតុ និងបរិយាប័ន្នកសិកម្ម៕