(ភ្នំពេញ)៖ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា (KNN Cambodia) នៅល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខរថយន្ត JETOUR របស់ក្រុមហ៊ុន KNN Cambodia ក្រោយមានការចុះហត្ថលេខា និងទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្មកម្ពុជា និងចិន កាលពីថ្មីៗ ។
សន្និសីទសារព័ត៌មាននេះ មានការចូលរួមពីលោក អ៉ឹង ម៉ុយហ្គេច នាយកប្រតិបត្តិប្រតិបត្តិការនៃក្រុមហ៊ុន JETOUR CAMBODIA និងលោក Zhang Ming (Gary) អ្នកគ្រប់គ្រងប្រចាំប្រទេសនៃក្រុមហ៊ុន Jetour Auto ព្រមទាំងលោកស្រី នុត រ័ត្នចិត្រា ជំនួយការប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន KNN Cambodia ព្រមទាំងវត្តមានគណៈគ្រប់គ្រងក្រុមហ៊ុន និងអ្នកសារព័ត៌មានជាច្រើនផងដែរ ។
លោក អ៉ឹង ម៉ុយហ្គេច បានបញ្ជាក់ថា សន្និសីទសារព័ត៌មាននេះ រៀបចំឡើងក្នុងគោលបំណង និងផ្សព្វផ្សាយជាសធារណៈ អំពីការទទួលស្គាល់សិទ្ធិចែកចាយផ្តាច់មុខ រថយន្ត និងគ្រឿងបន្លាស់គ្រប់ម៉ូដែល របស់ម៉ាក JETOUR ទូទាំងប្រទេសកម្ពុជា របស់ក្រុមហ៊ុន KNN Cambodia បន្ទាប់ពីមានការចុះហត្ថលេខា និងទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្មប្រទេសចិន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ និងក្រសួងពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ ។
យោងតាមរយៈលិខិតកត់ត្រាទទួលស្គាល់សិទ្ធិនាំចូលនិងចែកចាយផ្តាច់មុខលេខ ៣១៤៩ របស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានទទួលស្គាល់ថា ក្រុមហ៊ុន KNN Cambodia គឺជាក្រុមហ៊ុនតែមួយគត់ ដែលមានសិទ្ធិ នាំចូលចែកចាយនូវរថយន្ត គ្រឿងបន្លាស់ និងសេវាកម្ម ម៉ាក JETOUR គ្រប់ម៉ូដែលទូទាំងប្រទេសកម្ពុជា ហើយក៏ជាក្រុមហ៊ុនតែមួយគត់ ដែលមានសិទ្ធិ ក្នុងការប្រើប្រាស់ ឬចាត់ចែងផ្តល់សិទ្ធិប្រើប្រាស់ ផ្សព្វផ្សាយ និងការលើកស្លាកសញ្ញា JETOUR នៅព្រះរាជាណាចក្រកម្ពុជាផងដែរ ។
លោក អ៉ឹង ម៉ុយហ្គេច បន្ដថា «ដូចនេះហើយ រាល់ការនាំចូល ការផ្សព្វផ្សាយ និងលក់នៃម៉ាក់សញ្ញារថយន្ដ JETOUR ដែលមិនមែនចេញពីក្រុមហ៊ុន KNN Cambodia គឺមានន័យថា ជាការនាំចូល ផ្សព្វផ្សាយ និងចែកចាយរថយន្ដខុសច្បាប់ ហើយក្រុមហ៊ុន KNN Cambodia យើង នឹងសហការជាមួយអាជ្ញាធរ និងក្រសួងមានសមត្ថកិច្ច អនុវត្តន៍នីតិវិធីផ្លូវច្បាប់ ដើម្បីទប់ស្កាត់សកម្មភាពទាំងឡាយដែលរំលោភបំពានលើសិទ្ធិចែកចាយផ្ដាច់មុខរបស់ក្រុមហ៊ុន KNN Cambodia» ។
ទន្ទឹមជាមួយគ្នាលោក Zhang Ming បានលើកឡើងថា «ក្រុមហ៊ុនផលិតរថយន្ត JETOUR ស្ថិតក្រោមក្រុមហ៊ុន Chery Holding Group គឺជាសម្ព័ន្ធក្រុមហ៊ុន ដែលនាំចេញរថយន្តច្រើនជាងគេ Top 2 ទូទាំងពិភពលោក ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា ជាពិសេសទីផ្សារអារ៉ាប់រួម និងអាហ្វ្រិក បានចាប់ផ្តើមបោះជំហ៊ានចូលទីផ្សារកម្ពុជាជាផ្លូវការនាចុងឆ្នាំ២០២៣នេះ តាមរយៈការផ្តល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខទៅក្រុមហ៊ុន KNN Cambodia ។
ការជ្រើសរើសក្រុមហ៊ុន KNN Cambodia ជាក្រុមហ៊ុនផ្តាច់មុខនេះ JETOUR AUTO គឺបានសិក្សាយ៉ាងល្អិតល្អន់ និងតឹងរឹងបំផុតទៅលើគុណសម្បត្តិរបស់ក្រុមហ៊ុនដែលជាដៃគូសហការ ក្នុងនោះដែរ KNN Cambodia គឺជាក្រុមហ៊ុនដែលមានកិត្យានុភាព និងបទពិសោធន៍ច្រើនជាង ២០ឆ្នាំ លើការចែកចាយគ្រឿងចក្រធុនធ្ងន់នៅកម្ពុជា ហើយក៏ជាក្រុមហ៊ុនដែលពោលពេញដោយទំនួលខុសត្រូវទៅលើការផ្តល់សេវាធានា គ្រឿងបន្លាស់ ការបំពេញចិត្ត និងរក្សាគុណភាពខ្ពស់ទៅអតិថិជន»។ លោក Zhang Ming បន្ថែម ។
ឆ្លៀតឱកាសនោះ លោក អ៉ឹង ម៉ុយហ្គេច បានរំលេចថា JETOUR គឺជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Chery Holding ដែលបានបង្កើតដំបូងកាលពីឆ្នាំ១៩៩៧ ដែលគេស្គាល់ថា ជាក្រុមហ៊ុនយក្សទាំង ៥ របស់ចិន ដែលមានប៉ាតង់បច្ចេកវិទ្យាដល់ទៅ ២៥,០០០មុខ ជំនាញខាងផលិតរថយន្ដ និងម៉ាស៊ីន ពិសេសឆ្នាំ២០១២ Chery Holding បាន Join Venture ជាមួយម៉ាកយីហោរថយន្ដប្រណីតដ៏ល្បីល្បាញរបស់ប្រទេសអាល្លឺម៉ង់ ក្រោមភាគហ៊ុន ៥០% ម្នាក់ ក្នុងការផលិត និងដំឡើងរថយន្ដសម្រាប់ចែកចាយទូទាំងពិភពលោក ។ ដូច្នេះម៉ាក់សញ្ញា JETOUR នេះ គឺផលិតឡើងដោយបច្ចេកវិទ្យាអាល្លឺម៉ង់ គុណភាពអាល្លឺម៉ង់ ។
តាមរយៈនេះ លោកបានបង្ហាញសុទិដ្ឋិនិយម ចំពោះការនាំចូល និងចែកចាយផ្ដាច់មុខនៅកម្ពុជាថា «រថយន្ដ JETOUR គឺកំពុងតែឆ្លើយតបនឹងនិន្នាការនៃការប្រើប្រាស់របស់អតិថិជន JETOUR គឺជាម៉ាកសញ្ញា តំណាងឲ្យភាពស៊ីវិល័យ បច្ចេកវិទ្យាវ័យឆ្លាត និងតម្លៃសមរម្យ សម្រាប់ទីផ្សារថយន្ដកម្ពុជា ។ ស្របពេលក្រុមហ៊ុន KNN Cambodia ដែលជាអ្នកនាំចូលផ្ដាច់មុខរថយន្ដ JETOUR បាននាំចូលនូវរថយន្ដ JETOUR ជាច្រើនម៉ូដែលមានដូចជា Dashing, T2, X50, X70, X70 Pluses, X90, X95 និងម៉ូដែលថ្មីៗជាច្រើនទៀត នាពេលខាងមុខ» ៕