(ភ្នំពេញ)៖ ក្រុមកីឡាចំបាប់ជម្រើសជាតិកម្ពុជា បានឈ្នះមេដាយសំរឹទ្ធ ៦គ្រឿងជាបណ្ដោះអាសន្ន នៅក្នុងការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍-អូសេអានី (Southeast Asian championship &Oceania invitation) ឆ្នាំ២០២៤ នៅប្រទេសថៃ ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃកន្លងមក ។
យោងតាមអ្នកស្រី ចូវ សុធារ៉ា គ្រូបង្វឹកដឹកនាំក្រុមកីឡាចំបាប់កម្ពុជា បានឲ្យដឹងថា ម្ចាស់មេដាយសំរឹទ្ធ ទាំង ៦គ្រឿងខាងលើ រួមមានកីឡាការិនី ផាត់ សុម៉ាលី ប្រកួតទម្ងន់ 53kg, កីឡាការិនី ចាន់ សុផានុត ប្រកួតទម្ងន់ 57kg, កីឡាករ ឆាំ ពិស៊ិន ប្រកួតវិញ្ញាសាចំបាប់ក្រិចកូរ៉ូម៉ាំង ទម្ងន់ 77kg, កីឡាករ សឿង សុភាស់ ប្រកួតវិញ្ញាសាចំបាប់សេរី ទម្ងន់ 61kg, កីឡាករ ឈឿង ឈាង ប្រកួតវិញ្ញាសាចំបាប់សេរី ទម្ងន់ 70kg និងកីឡាករ លឹម សុខលាង ប្រកួតវិញ្ញាសាចំបាប់សេរី ទម្ងន់ 74kg ។
លោក ខេស៊ី បាណេត ប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍ និងជាអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ធ្លាប់បានបញ្ជាក់ថា ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍-អូសេអានី ឆ្នាំ២០២៥ ដែលថៃធ្វើម្ចាស់ផ្ទះនេះ ប្រព្រឹត្តទៅពីថ្ងៃទី២៥-២៩ ខែកញ្ញា ឆ្នាំ២០២៤ ។ នេះគឺជាឆ្នាំដំបូងហើយ ដែលសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍ បានសម្រេចបញ្ចូលទ្វីបអូសេអានី ចូលរួមការប្រកួតនេះ ក្នុងគោលបំណងពង្រឹងការប្រកួតប្រជែងឲ្យកាន់តែរឹងមាំ ហើយកម្ពុជា ក៏បានបញ្ជូនអត្តពលិក ២២នាក់ចូលរួមប្រកួតដែរ ៕