(ម៉ាហ្វា)៖ El Cosmico ជាសណ្ឋាគារដែលមានស្រាប់ ស្ថិតនៅជាយក្រុង Marfa ស្ថិតក្នុងរដ្ឋ Texas សហរដ្ឋអាម៉េរិក បាននឹងកំពុងពង្រីកបន្ថែមទៀត។ សណ្ឋាគារនេះ កំពុងសាងសង់បន្ទប់ថ្មីចំនួន៤៣ និងផ្ទះស្នាក់នៅចំនួន១៨ លើផ្ទៃដី២៤ហិកតា ដោយសំណង់ថ្មីទាំងអស់នេះ សាងសង់ឡើងដោយបច្ចេកវិទ្យាថ្មី គឺម៉ាស៊ីនបោះពុម្ព 3D។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។
វាជាសណ្ឋាគារបោះពុម្ព 3D ដំបូងគេបង្អស់ នៅលើពិភពលោក។ នេះជាការលើកឡើងរបស់លោក Liz Lambert ម្ចាស់សណ្ឋាគារ El Cosmico ហើយមានដៃគូស្ថិតនៅពីក្រោយគម្រោង គឺក្រុមហ៊ុនបោះពុម្ព 3D, ICON ដែលមានមូលដ្ឋាននៅទីក្រុង Austin រដ្ឋ Texas និងក្រុមហ៊ុន Bjarke Ingels Group ជាស្ថាបត្យករ។
លោក Lambert លើកឡើងថា បច្ចេកវិទ្យានេះ អនុញ្ញាតឱ្យមានការច្នៃប្រឌិត លើសពីការរំពឹងទុក។
ក្រុមហ៊ុន ICON ក៏បាននឹងកំពុងបោះពុម្ពផ្ទះជាច្រើនខ្នង ដោយបច្ចេកវិទ្យា 3D នៅជិតទីក្រុង Austin ផងដែរ។
ក្នុងរយៈពេលយូរខាងមុខ, ការសាងសង់ដោយការបោះពុម្ព 3D អាចនឹងជំនួសការងារជំនាញមួយចំនួន, លោក Milad Bazli សាស្ត្រាចារ្យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅឯសាកលវិទ្យា Charles Darwin University ក្នុងប្រទេសអូស្ត្រាលី បានលើកឡើង។
សូមជម្រាបថា ការពង្រីកសណ្ឋាគារ El Cosmico គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៦។ បន្ទប់សណ្ឋាគារនេះ នឹងមានតម្លៃចម្លោះពី២០០ដុល្លារ ទៅ៤៥០ដុល្លារ ក្នុងមួយយប់៕