(បរទេស)៖ ក្រុមអ្នកឃ្លាំមើលទិន្នន័យរបស់ប្រទេសអៀរឡង់ បានឲ្យដឹងថា ក្រុមហ៊ុន Meta ត្រូវបានអាជ្ញាធរបញ្ជាឲ្យបង់ប្រាក់ពិន័យចំនួន ៩១លានអឺរ៉ូ ដោយសារតែកង្វះលទ្ធភាពក្នុងការការពារលេខសម្ងាត់របស់អ្នកប្រើប្រាស់នៅក្នុងប្រទេសអៀរឡង់។
ការស៊ើបអង្កេតត្រូវបានធ្វើឡើងតាំងពីខែមេសា ឆ្នាំ២០១៩ បន្ទាប់ពីរកឃើញថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមួយនេះបានរក្សារទុកពាក្យសម្ងាត់របស់អ្នកប្រើប្រាស់ជាលក្ខណៈធម្មតា ដោយមិនបាន encryption។
សហភាពអ៊ឺរ៉ុបបានព្រមានដល់ Meta និងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗ ដែលប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជនក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម ហើយក៏បានចាប់ផ្តើមអនុវត្តបទបញ្ញត្តិនោះផងដែរ ដើម្បីការពារទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់។
លោក Graham Doyle មន្ត្រីជាន់ខ្ពស់មកពីអាជ្ញាធរការពារទិន្នន័យអៀរឡង់ បានឲ្យដឹងថា ទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់គឺជាទិន្នន័យដ៏រសើប ដូច្នេះត្រូវរក្សាទុកវាឲ្យសុវត្ថិភាពបំផុត ជាពិសេសគឺពាក្យសម្ងាត់នេះឯង។ Meta មិនគួររក្សាទុកវាជាលក្ខណៈធម្មតានោះទេ។
និយតករអៀរឡង់បានដាក់សេចក្តីព្រាងសម្រេចទៅកាន់អាជ្ញាធរត្រួតពិនិត្យជាតិរបស់សហភាពអឺរ៉ុបកាលពីខែមិថុនា ឆ្នាំ ២០២៤ ស្របទៅការទាមទារ និងច្បាប់ការពារទិន្នន័យរបស់សហភាពអឺរ៉ុប ហើយក៏មិនមានការជំទាស់ចំពោះ សេចក្តីសម្រេចនោះទេ។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយនោះទេ ដែល Meta ត្រូវបានផាកពិន័យជាប្រាក់ពាក់ព័ន្ធនឹងទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់នោះ ដោយកាលពីឆ្នាំ២០២៣ ត្រូវបានពិន័យ ១.២ពាន់លានអឺរ៉ូ ពីបទផ្ទេរទិន្នន័យអ្នកប្រើប្រាស់ពីអឺរ៉ូបទៅកាន់ សហរដ្ឋអាមេរិក ហើយនៅ២០២២ ត្រូវពិន័យ ២៦៥លានអឺរ៉ូ បន្ទាប់ពីរកឃើញថា ទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់ប្រមាណ ៥៣៣លាននាក់ត្រូវបានបែកធ្លាយនៅលើអនឡាញ៕