(ភ្នំពេញ)៖ កីឡាករចំបាប់កម្ពុជា ហេង រ័ត្នថា បានដណ្ដើមមេដាយមាសដំបូងជូនជាតិ នៅក្នុងការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍-អូសេអានី ឆ្នាំ២០២៤ (Southeast Asian championship & Oceania 2024) ក្រោយយកឈ្នះកីឡាករមកពី American Samoa ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅរសៀលថ្ងៃទី២៨ ខែកញ្ញានេះ នៅប្រទេសថៃ។
ក្នុងការប្រកួតលើវិញ្ញាសាចំបាប់សេរី ទម្ងន់ ៩២គីឡូក្រាម ហេង រ័ត្នថា ធ្វើបានយ៉ាងល្អ ក្រោយឆ្លងផុតវគ្គជម្រុះ កីឡាករមកដើមកំណើតពីខេត្តពោធិ៍សាត់ បានយកឈ្នះកីឡាករនូវែលសេឡង់ ១០-០ពិន្ទុ មុនបន្ដយកឈ្នះកីឡាករមកពី American Samoa ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ១១-០ពិន្ទុ ដើម្បីគ្រងមេដាយមាសជូនជាតិតែម្ដង។
នេះគឺជាមេដាយមាសដំបូង ដែលអត្តពលិកកីឡាចំបាប់កម្ពុជា ទទួលបានគិតត្រឹមរសៀលថ្ងៃសៅរ៍នេះ មុនបិទបញ្ចប់ការប្រកួតផ្លូវការ នាថ្ងៃទី២៩ ខែកញ្ញាស្អែក ខណៈបេសកកម្មនេះ អត្តពលិកកម្ពុជា ទទួលបានការឧបត្ថម្ភទាំងស្រុងពីលោក ខេស៊ី បាណេត ប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍ និងជាអនុប្រធានសហ័ន្ធកីឡាចំបាប់កម្ពុជា៕