(ភ្នំពេញ)៖ ហ្វាន់រ៉ា (FUN RUN) លើកទី១ នឹងចាប់ផ្ដើមនៅខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។ នេះជាព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌ ស៊ី អាយ អេ ដែលត្រូវបានប្រកាស ក្នុងសន្និសីទសារព័ត៌មាន ដែលបានប្រព្រឹត្តទៅនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ នាល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។

ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រង សាលាអន្តរជាតិ ស៊ី អាយ អេហ្វឺសត៍ បានប្រកាសអំពី «ព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌ ស៊ី អាយ ហ្វឺស ហ្វាន់រ៉ាន់» ជាលើកដំបូង ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅកោះពេជ្រ រាជធានីភ្នំពេញ ដើម្បីអបអរសាទរខួប២០ឆ្នាំ នៃការបង្កើតសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍។

អញ្ជើញចូលរួមជាកិត្តិយស ក្នុងសន្និសីទសារព័ត៌មាននេះ រួមមាន៖ ឧកញ៉ាបណ្ឌិត ត្រាំង លី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល លោក ហ៊ឹម សំអាតស្ត្រង់ សហស្ថាបនិក និង ជាអនុប្រធាន ក្រុមប្រឹក្សាភិបាល, លោក Michael Wilde ប្រធាននាយកប្រតិបត្តិ, លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជានាយិកាខុទ្ទកាល័យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោក ទុំ រ៉ា មន្ដ្រីជាន់ខ្ពស់នៃមូលនិធិគន្ធបុប្ផាកម្ពុជា គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ ជាច្រើនរូប នៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននេះ ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងសាលា បានប្រកាសបើកលក់សំបុត្រ ចូលរួមក្នុងព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌ ស៊ី អាយ អេ ហ្វឺសត៍ ហ្វាន់រ៉ាន់ ចាប់ពីពេលនេះតទៅ។

លោក Michael Wilde ប្រធាននាយកប្រតិបត្តិ នៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានឲ្យដឹងថា សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ រំពឹងថា មាតាបិតា អ្នកអាណាព្យាបាលសិស្ស បុគ្គលិកសិក្សា សិស្សានុសិស្ស និងសាធារណជន ប្រមាណ៣០០០នាក់ នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ។

សំបុត្រចូលរួមរត់ ក្នុងព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌នេះ អាចរកទិញបានតាមប្រព័ន្ធអនឡាញ ក្នុងតម្លៃ ៥ដុល្លារ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ហើយថវិកាប្រមូលបាន ពីការលក់សំបុត្រនេះ នឹងត្រូវបរិច្ចាគទាំងស្រុង ជូនកាកបាទក្រហមកម្ពុជា និងមូលនិធិគន្ធបុប្ផាកម្ពុជា។

លោក Michael ក៏បានបន្ថែមទៀតថា ក្រៅអំពីការចូលរួមរត់ អ្នកចូលរួមក៏អាចទស្សនាការសម្ដែងសិល្បៈជាច្រើនផ្សេងទៀត ដែលសាលានឹងរៀបចំ ក្នុងសាលាសាលមហោស្រព កោះពេជ្រ និងជាពិសេសអ្នកចូលរួម ដែលទិញសំបុត្រចូលរួមរត់មួយសន្លឹក នឹងទទួលបានជាឱកាសឈ្នះរង្វាន់ តាមរយៈកម្មវិធីចាប់ឆ្នោតផ្សងសំណាង ដែលមានរង្វាន់ជាច្រើន មានតម្លៃជាទឹកប្រាក់រហូតដល់ ១០,០០០ដុល្លារ។

គួរបញ្ជាក់ថា សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ត្រូវបានបង្កើតឡើងដោយ ឧកញ៉ាបណ្ឌិត ត្រាំង លី និង លោក ហ៊ឹម សំអាតស្រ្ដង់ កាលពីឆ្នាំ២០០៤ ដែលគិតមកដល់ពេលនេះ គឺមានរយៈពេល ២០ឆ្នាំគត់។

សាលាបានបន្តវិវត្តខ្លួនឥតឈប់ឈរ ពោលគឺពីសាលាដែលមានទីតាំងសិក្សាមួយកន្លែង មានសិស្សត្រឹមតែ ១៧នាក់ រហូតក្លាយជាសាលាអន្តរជាតិមួយ ដែលមានការទទួលស្គាល់គុណភាពអប់រំ យ៉ាងទូលំទូលាយពីសំណាក់ មាតាបិតា និងអ្នកអាណាព្យាបាលសិស្ស។

មកដល់ឆ្នាំ ២០២៤នេះ សាលាមានសិស្សចំនួនប្រមាណ ៥,៤០០នាក់ និងមានទីតាំងសិក្សា ៣កន្លែងធំៗ ក្នុងខណ្ឌសែនសុខ និង ខណ្ឌច្បារអំពៅ និងទីតាំងសិក្សាទី៤ កំពុងតែសាងសង់ ហើយគ្រោងនឹងបើកដំណើរការ នៅឆ្នាំសិក្សាក្រោយ ២០២៥៕