(ភ្នំពេញ)៖ អេសស៊ីជី ដែលជាក្រុមហ៊ុនផលិត និងផ្គត់ផ្គង់គ្រឿងសំណង់ឈានមុខគេ នៅក្នុងតំបន់អាស៊ាន នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីសម្ពោធផលិតផលថ្មីគឺ ក្បឿងសេរ៉ាមិច អ៊ិចសេឡា ក្រេស្ដា (Excella Cresta) ដែលត្រូវបានផលិតឡើងជាមួយបច្ចេកវិទ្យាទំនើប រួមបញ្ចូលនូវសិល្បៈនវានុវត្តន៍ដ៏ល្អឥតខ្ចោះទាក់ទងនឹងផ្នែកដំបូលអគារ និងលំនៅដ្ឋាន។
កម្មវិធីដ៏ធំនេះត្រូវបានអញ្ជើញចូលរួមជាអធិបតីដោយលោក Ronnayut Manasatian អគ្គនាយកចែកចាយ នៃក្រុមហ៊ុន SCG Distribution and Retail Cambodia ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ អេសស៊ីជី រួមជាមួយនឹងអតិថិជនរបស់ក្រុមហ៊ុន SCG ជាច្រើនរូបទៀត។
ក្នុងឱកាសដ៏ពិសេសវិសាលនេះ លោក Ronnayut Manasatian បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អតិថិជនទាំងអស់ ដែលតែងតែផ្ដល់នូវទំនុកចិត្តក្នុងការជ្រើសរើសប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ក្រមហ៊ុន អេសស៊ីជី តាំងពីដើមរៀងមក។
លោក Ronnayut Manasatian បានមានប្រសាសន៍ទៀតថា គោលបំណងសំខាន់ ដែលយើងរៀបចំឡើងនូវកម្មវិធីសម្ពោធជាផ្លូវការ នូវផលិតផលក្បឿងសេរ៉ាមិច អ៊ិចសេឡា ក្រេស្ដា (Excella Cresta) មិនត្រឹមតែជាការបើកសម្ពោធផលិតផលថ្មីប៉ុណ្ណោះទេ ប៉ុន្ដែកម្មវិធីនេះ គឺជាការពង្រឹងភាពជាដៃគូ និងនិរន្តរភាពជាមួយអតិថិជនផងដែរ។
ក្បឿង អេសស៊ីជី ប្រភេទអ៊ិចសេឡា ក្រេស្ដា (Excella Cresta) ជាក្បឿងសេរ៉ាមិច ដែលត្រូវបានផលិតឡើង តាមបច្ចេកវិទ្យាស្រោបពណ៌ពិសេស Advance Glazing Technique ដែលជាបច្ចេកវិទ្យាផលិតផ្ដាច់មុខ របស់ក្រុមហ៊ុន អេសស៊ីជី ហើយវាមិនត្រឹមតែមានពណ៌ស្រស់ស្អាតទាក់ទាញ និងជាប់បានយូរអង្វែងប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាជម្រើសដ៏ល្អសម្រាប់ម្ចាស់លំនៅដ្ឋាន ដែលចង់បានប្រភេទក្បឿង ដែលមិនប៉ះពាល់ដល់បរិស្ថានផងដែរ។
ក្បឿងសេរ៉ាមិច អ៊ិចសេឡា ក្រេស្ដា (Excella Cresta) របស់ អេសស៊ីជី ត្រូវបានផលិតឡើង ដោយយកចិត្តដាក់ខ្ពស់បំផុត ជាមួយនឹងការគិតគូរអំពីតម្រូវការរបស់អ្នកប្រើប្រាស់ ទាំងផ្នែកគុណភាព និងសោភ័ណភាព។ ក្បឿងសេរ៉ាមិច អ៊ិចសេឡា ក្រេស្ដា (Excella Cresta) មានបីពណ៌សម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ, ពណ៌ដីឥដ្ឋ និងពណ៌ស។
ក្នុងនោះ ក្បឿង អ៊ិចសេឡា ក្រេស្ដា (Excella Cresta) ពណ៌ស គឺមានសោភណ្ឌភាពទាក់ទាញស្រដៀងគ្នាទៅនឹងថ្មម៉ាបធម្មជាតិពណ៌ស។ ក្បឿង អ៊ិចសេឡា ក្រេស្ដា (Excella Cresta) ពណ៌ខ្មៅវិញ គឺមានរំលេចនូវពណ៌ដូចត្បូងនិលពណ៌ខ្មៅ។ រីឯ ក្បឿង អ៊ិចសេឡា ក្រេស្ដា (Excella Cresta) ពណ៌ដីឥដ្ឋ គឺត្រូវបានផលិតឡើងជាមួយសោភណ្ឌភាពទាក់ទាញ ដូចទៅនឹងដីឥដ្ឋដែលត្រូវបានឆ្លងកាត់ការដុតកម្ដៅ រួមជាមួយនឹងខ្សាច់គ្រីស្តាល់ពណ៌មាសដ៏ស្រស់ស្អាត។
ក្រៅពីផលិតផលក្បឿងសេរ៉ាមិចថ្មីនេះ ក្រុមហ៊ុន អេសស៊ីជី ក៏មានការបង្ហាញជូននូវផលិតផលផ្សេងៗ ជាច្រើនទៀតដែរ ដូចជា ក្បឿងស៊ីម៉ងត៍អេសស៊ីជីពណ៌ថ្មីៗ អេសស៊ីជី ស្មាតបត (SCG SmartBoard), អេសស៊ីជី ស្មាតវូត (SCG Smartwood) ព្រមទាំងផលិតផលម៉ាក ឡាយរ៉ា (LYRA) ដែលរួមមាន សម្ភារៈបន្ទប់ទឹក រ៉ូប៊ីណេ ស៊ីងលាងចាន និងឥដ្ឋពន្លឺជាដើម។
អេសស៊ីជី គឺជាក្រុមហ៊ុនឈានមុខគេ នៅក្នុងវិស័យសម្ភារៈសំណង់ ជាពិសេសការផ្គត់ផ្គង់ក្បឿងសេរ៉ាមិច សម្រាប់ប្រក់ដំបូលអគារ និងលំនៅដ្ឋាននានា។ ក្នុងរយៈពេលជាង 3០ឆ្នាំមកនេះ អេសស៊ីជី គឺជាក្រុមហ៊ុនដំបូងគេ ដែលបាននាំចូល និងបង្កើតទីផ្សារសម្រាប់ក្បឿងសេរ៉ាមិច ជាមួយនឹងការកំណត់នូវស្ដង់ដារខ្ពស់នៅក្នុងឧស្សាហកម្មនេះ។
ក្រុមហ៊ុន អេសស៊ីជី គឺជាក្រុមហ៊ុនឈានមុខគេមួយ នៅក្នុងតំបន់អាស៊ាន ដែលត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុន ដែលមានការអនុវត្តអាជីវកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់។
ក្រុមហ៊ុនកំពុងបង្កើនប្រតិបត្តិការរបស់ខ្លួន ដោយការរួមបញ្ចូលនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ តាមរយៈវិធីសាស្ត្រ “ESG 4 Plus” ដោយសង្កត់ធ្ងន់ទៅលើការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យដល់កម្រិតសូន្យ (Net Zero Emission) ដោយជំរុញបរិស្ថានបៃតង ការកាត់បន្ថយវិសមភាពសង្គម និងការពង្រឹងកិច្ចសហការជាមួយនឹងភាពជឿទុកចិត្ត តាមរយៈតម្លាភាព៕