(បរទេស)៖ កាសែត The Wall Street Journal (WSJ) បានរាយការណ៍មកថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានដកខ្លួនជាផ្លូវការចេញពីការពិភាក្សាដើម្បីចូលរួមក្នុងជុំផ្តល់មូនិធិសម្រាប់ OpenAI ដែលត្រូវបានព្យាករណ៍ថា នឹងរៃអង្គាប្រាក់បានប្រហែល ៦.៥ពាន់លានដុល្លារ។ ការសម្រេសចិត្តនេះ នៅមិនទាន់ដឹងច្បាស់ពីមូលហេតុជាក់លាក់នៅឡើយនោះទេ ប៉ុន្តែមានការលើកឡើងថា Apple ទំនងជាចង់ដើរលើវិស័យ AI នេះដោយខ្លួនឯង ខណៈការចូលរួមរបស់ Apple គឺគួរឱ្យភ្ញាក់ផ្អើលរួចទៅហើយ វាកម្រណាស់ដែលក្រុមហ៊ុនផលិត iPhone ទៅវិនិយោគនៅក្នុងក្រុមហ៊ុនខាងក្រៅ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤។
របាយការណ៍ពី WSJ ដដែលបានឱ្យដឹងទៀតថា ការដកខ្លួននេះក៏មានជាប់ពាក់ព័ន្ធនឹងការប្រកួតប្រជែងខ្លាំងផងដែរ ដោយមានក្រុមហ៊ុនផ្សេងទៀតដូចជា Microsoft និង Nvidia កំពុងពិភាក្សាដើម្បីចូលរួមក្នុងជុំផ្តល់មូលនិធិរបស់ OpenAI ដែលត្រូវបានគេរំពឹងថានឹងបោះទុនប្រមាណ ១ពាន់លានដុល្លារបន្ថែមទៀត ពីលើការវិនិយោគពីមុនសរុបរបស់ខ្លួនចំនួន ១៣ពាន់លានដុល្លារនៅក្នុង OpenAI។
គួរជម្រាបថា OpenAI គឺជាក្រុមហ៊ុនបញ្ញាសិប្បនិម្មិត និងជាអ្នកផលិត ChatGPT ដ៏លេចធ្លោររបស់ពិភពលោក ហើយគ្រោងនឹងបិទជុំផ្តល់មូនិធិដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្តនៅសប្តាហ៍ក្រោយនេះ។ ដោយឡែកការចាកចេញរបស់ Apple អាចនឹងមានធ្លាក់ចុះនៃចំនួនទឹកប្រាក់សរុបនៃការវិនិយោគ ខណៈរបាយការណ៍កាលពីខែមុនបានរាយការណ៍ថា ការពិភាក្សារវាង Apple និង OpenAI អាចនឹងផ្តល់តម្លៃឱ្យក្រុមហ៊ុនផលិត ChatGPT នេះលើសពី ១០០ពាន់លានដុល្លារ៕