(ភ្នំពេញ)៖ ក្រុមកីឡាចំបាប់ជម្រើសជាតិកម្ពុជា ដណ្ដើមបានមេដាយ ៣គ្រឿងបន្ថែម នៅក្នុងថ្ងៃទី៤ នៃការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍-អូសេអានី ឆ្នាំ២០២៤ (Southeast Asian championship & Oceania 2024) នៅប្រទេសថៃ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញានេះ ដែលនាំឲ្យកម្ពុជា កើនមេដាយសរុបចំនួន ៩គ្រឿងបណ្ដោះអាសន្ន ។
សម្រាប់មេដាយ ៣គ្រឿង ដែលក្រុមកីឡាចំបាប់កម្ពុជា ទើបដណ្ដើមបានជូនជាតិនេះ រួមមានមេដាយមាស ១ ដែលដណ្ដើមបានដោយកីឡាករ ហេង រ័ត្នថា ក្រោយយកឈ្នះកីឡាករមកពី American Samoa ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅរសៀលថ្ងៃសៅរ៍នេះ ។ រីឯ ២គ្រឿងទៀត គឺជាមេដាយសំរឹទ្ធ ដែលទទួលបានដោយកីឡាករ ហេង វុទ្ធី ក្នុងទម្ងន់ ៨៦គីឡូក្រាម និងកីឡាការិនី សម្បត្តិ វណ្ណៈ ក្នុងទម្ងន់ ៥៥គីឡូក្រាម ។
សរុបមេដាយ ក្រោយឆ្លងកាត់ការប្រកួត ៤ថ្ងៃកន្លងមក ក្រុមកីឡាចំបាប់កម្ពុជា គឺដណ្ដើមបានមេដាយសរុប ៩គ្រឿង រួមមានមេដាយមាស ១ និងសំរឹទ្ធ ៨ ហើយខិតជិតនឹងសម្រេចគោលដៅរបស់លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាផងដែរ ដែលបានដាក់ក្ដីរំពឹង ក្រុមកីឡាចំបាប់កម្ពុជា អាចនឹងដណ្ដើមបានមេដាយប្រមាណ ១០គ្រឿង ពីព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍-អូសេអានីនេះ ។
អ្នកស្រី ចូវ សុធារ៉ា គ្រូបង្វឹកដឹកនាំក្រុមកីឡាចំបាប់កម្ពុជា បានឲ្យដឹងថា បច្ចុប្បន្នកម្ពុជា នៅសល់កីឡាការិនី ២រូបទៀត ដែលនឹងត្រូវបន្ដការប្រកួតនៅថ្ងៃចុងក្រោយ នាថ្ងៃទី២៩ ខែកញ្ញាស្អែក ហើយសុទ្ធសឹងជាកីឡាការិនីមានបទពិសោធន៍ច្រើនក្នុងការប្រកួតអន្ដរជាតិ ក៏ដូចជាស៊ីហ្គេម ។ អ្នកស្រីរំពឹងថា ពួកគេនឹងព្យាយាមអស់ពីសមត្ថភាព ដើម្បីឈានទៅដណ្ដើមមេដាយជូនជាតិបន្ថែម ទោះបីជាការប្រកួតនេះ មានប្រទេសខ្លាំងៗចូលរួមច្រើនក៏ដោយ ៕