(ភ្នំពេញ)៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រោះថ្នាក់ ចរាចរណ៍ នៅតែជា ក្តីកង្វល់ របស់ប្រជាជនកម្ពុជា ដោយ មាន ឧបទ្ទវហេតុ ជាញឹកញាប់ ដែលបណ្ដាលមកពីការបើកបរដោយមិនគោរពច្បាប់ចរាចរណ៍ ជាពិសេសការបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន និងការមិនគោរពកាតព្វកិច្ចជាហេតុធ្វើឱ្យមានមនុស្សរងរបួស និងស្លាប់ ។
ជាគោលការណ៍ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ថា មានតែអំពើដែលបង្កើតជាបទល្មើស នៅពេលដែលអំពើនោះមានចែងក្នុងបទបញ្ញត្តិព្រហ្មទណ្ឌជាធរមានប៉ុណ្ណោះ ទើបត្រូវផ្តន្ទាទោសដាក់ពន្ធធនាគារ និងពិន័យជាប្រាក់បាន ហើយប្រសិនបើគ្មានចេតនាប្រព្រឹត្ត ក៏ពុំមានបទល្មើសទេ ។
ដូចនេះ ថាតើជនដែលបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច ដែលបណ្តាលឱ្យអ្នកដទៃស្លាប់ ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌដែរ ឬទេ? ប្រសិនបើជននោះត្រូវទទួលខុសត្រូវ តើជននោះនឹងទទួលទោសទណ្ឌយ៉ាងដូចម្តេច?
ដើម្បីស្រាយចម្ងល់ខាងលើ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្ដិការអន្ដរជាតិ សម្រាប់សប្ដាហ៍នេះ សូមលើកយកប្រធានបទស្ដីពី «ការបើកបរធ្វេសប្រហែសបណ្ដាលឱ្យអ្នកដទៃស្លាប់» មកធ្វើការចែករំលែកជូនសាធារណជន សិស្ស និងនិស្សិតទាំងអស់គ្នាដូចខាងក្រោម។
ទោះបីជាគោលការណ៍ នៃក្រមព្រហ្មទណ្ឌ បានកំណត់ថា «ពុំមានបទល្មើសទេ ប្រសិនបើគ្មានចេតនាប្រព្រឹត្ត» ក៏ដោយ ក៏ប៉ុន្តែក្នុងករណីដែលច្បាប់បានចែងទុកមុនថា «បទល្មើសមួយអាចកើតចេញពីការមិនប្រុងប្រយ័ត្ន ការខ្ជីខ្ជា ការធ្វេសប្រហែស ឬការមិនគោរពកាតព្វកិច្ចដោយឡែកណាមួយ»។ ក្នុងន័យនេះមានន័យថា ប្រសិនបើគ្មានចេតនាប្រព្រឹត្ត គឺពុំមានបទល្មើសទេ ប៉ុន្តែប្រសិនបើច្បាប់បានកំណត់ថាបទល្មើសដែលកើតចេញពីការមិនប្រុងប្រយ័ត្ន ការខ្ជីខ្ជា ការធ្វេសប្រហែស ឬការមិនគោរពកាតព្វកិច្ចដោយឡែកណាមួយ ក៏ជាបទល្មើសដែរ ។
ដូចនេះជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិ ស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឱ្យស្លាប់អ្នកដទៃ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ដោយត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ)ឆ្នាំ ទៅ ៣ (បី)ឆ្នាំ និងពិន័យជាប្រាក់ពី ៤ ០០០ ០០០ (បួនលាន) រៀល ទៅ ១៥ ០០០ ០០០ (ដប់ប្រាំលាន) រៀល និងអាចត្រូវផ្តន្ទាទោសដោយទោសបន្ថែមមួយ ឬច្រើន ដូចមានចែងក្នុងមាត្រា ៥៣ (ប្រភេទនៃទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ ។
អំពើល្មើសខាងលើនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ)ឆ្នាំ ទៅ ៥ (ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ១០ ០០០ ០០០ (ដប់លាន) រៀល ទៅ ២៥ ០០០ ០០០ (ម្ភៃប្រាំលាន) រៀល កាលបើអំពើនេះបានប្រព្រឹត្តក្នុងករណីណាមួយ ដូចក្រោម៖
*ក-បើកបរដោយគ្មានបណ្ណបើកបរ ឬមានបណ្ណបើកបរតែមិនត្រឹមត្រូវតាមប្រភេទយានយន្ត ។
*ខ-ស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុលចាប់ពី ០,៤០ (សូន្យក្បៀសសែសិប) មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ (សូន្យក្បៀសប៉ែតសិប) ក្រាមក្នុងមួយលីត្រឈាមឡើងទៅ ។
*គ- បណ្តាលឱ្យមានស្លាប់មនុស្សច្រើននាក់ ។
*ឃ- រត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេះពីការទទួលខុសត្រូវ ។
ចំពោះបទល្មើសដែលមានចែងក្នុងមាត្រានេះ ទោសបន្ថែមដូចតទៅនេះអាចត្រូវបានប្រកាស ៖
*១- ការហាមឃាត់ចំពោះការប្រកបវិជ្ជាជីវៈ កាលបើបទល្មើសនេះបានប្រព្រឹត្តនៅក្នុងការ ប្រកបវិជ្ជា ជីវៈ ឬនៅក្នុងឱកាសនៃការប្រកបវិជ្ជាជីវៈនេះជាស្ថាពរ ឬសម្រាប់រយៈពេល ៥ (ប្រាំ) ឆ្នាំ យ៉ាងច្រើន ។
*២- ការហាមឃាត់ចំពោះការបើកបរយានយន្ត ទោះបីជាប្រភេទណាក៏ដោយសម្រាប់រយៈពេល ៥ (ប្រាំ) ឆ្នាំ យ៉ាងច្រើន ។
*៣- ការព្យួរលិខិតបើកបរ សម្រាប់រយៈពេល ៥ (ប្រាំ) ឆ្នាំ យ៉ាងច្រើន ។
*៤- ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោស សម្រាប់រយៈពេល ២ (ពីរ) ខែ យ៉ាងច្រើន ។
*៥- ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌មាន ។
*៦- ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោស តាមគ្រប់មធ្យោបាយទូរគមនាគមន៍ សោតទស្សន៍ សម្រាប់រយៈពេល ៨ (ប្រាំបី) ថ្ងៃ យ៉ាងច្រើន ។
បទល្មើស និងការផ្តន្ទាទោសខាងលើ ត្រូវបានកំណត់នៅក្នុងមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។
សរុបមក ជនដែលបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច បណ្តាលឱ្យស្លាប់អ្នកដទៃ គឺត្រូវទទួលខុសត្រូវស្របតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។ គួររំលឹកផងដែរថា គ្រោះថ្នាក់ចរាចរណ៍ គឺជាសោកនាដកម្មសោកសៅបំផុត សម្រាប់គ្រួសារជនរងគ្រោះដែលបានស្លាប់និងជនបង្ក (ទទួលទោសទណ្ឌ) ។ ដូចនេះ សូមបើកបរដោយការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ។
រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងលោក ឡាន ស៊ីនុតជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ /០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕